ការស្តាប់តាមឌីជីថល៖ គំនិតដកស្រង់ចេញពីបណ្តាញសង្គម

តើអ្វីជាការស្តាប់តាមឌីជីថល?

នៅពេលដែលអ្នកធ្វីត (Tweet) ឬចែករំលែកមតិយោបល់របស់អ្នកអំពីប្រេកស៊ីត (Brexit) ឬប្រធានាធិបតីលោកត្រាំ (ដូណាល់ ត្រាំ) អ្នកប្រហែលជាមិនដែលនឹងរំពឹងថាមាតិកាដែលអ្នកបានចែកចាយនៅក្នុងបណ្តាញសង្គមរបស់អ្នកក្លាយជាផ្នែកមួយនៃការវិភាគអំពីការយល់ឃើញជាសាធារណៈទៅលើប្រធានបទណាមួយនោះទេ។ ប៉ុន្តែ ការកកើតឡើងនៃការតាមដានតាមរយៈការស្តាប់ឌីជីថលដែលយកចេញពីអន្តរកម្មរបស់អ្នកនៅលើបណ្តាញសង្គម ជាមួយនឹងបុគ្គលផ្សេងៗទៀត ហើយត្រូវបានគេយកទៅធ្វើការវិភាគអំពីមាតិកាទាំងនោះ ដើម្បីអាចដឹងពីអារម្មណ៍របស់អ្នកបោះឆ្នោតដែលមានសក្តានុពលម្នាក់ៗ និងអារម្មណ៍របស់សាធារណជនជារួម។ ទោះជាភាគច្រើននៃការសន្និដ្ឋានក្នុងការសិក្សាពីការស្តាប់ឌីជីថល ទាក់ទងនឹងការយល់ឃើញផ្នែកនយោបាយជាសាធារណៈ ត្រូវបានចេញផ្សាយដោយអ្នកសិក្សាស្រាវជ្រាវ ឬអង្គការក្រៅរដ្ឋាភិបាល (NGOs)ក៏ដោយក្តី វិធីសាស្រ្តនេះត្រូវបានលក់ដូចជាសេវាកម្មមួយ ដែលមានលក្ខណៈដូចគ្នាទៅនឹងមធ្យោបាយនៃការប្រមូលព័ត៌មាន សម្ងាត់សម្រាប់យុទ្ធនាការឃោសនានយោបាយដូច្នោះដែរ។១, ២ ការតាមដានតាមរយៈការស្តាប់ឌីជីថលគឺជាពាក្យតំណាងមួយដែលគេប្រើសំដៅទៅលើការតាមដាន និងការវិភាគអំពីអ្វីដែលមនុស្សម្នាក់ៗធ្វើ ឬនិយាយនៅលើបណ្តាញសង្គមដូចជា Facebook និង Twitter។ ទាំងសកម្មភាព (ការធ្វីត (tweet) បន្ត ការចូលចិត្តការចែករំលែករូបភាព ឬការបញ្ចេញមតិនៅលើការបង្ហោះណាមួយ) និងមាតិកាដូចជា (hashtags, tweets, posts និង comments) សុទ្ធតែត្រូវបានគេយកទៅវិភាគ។៣ ក្រុមហ៊ុនដែលផ្តល់សេវាទាំងនេះអាចស្ទាបស្ទង់ថា ប្រធានបទមួយណាកំពុងត្រូវបានជជែកនៅក្នុងចំណោមអ្នកប្រើប្រាស់នៅខណៈពេលណាមួយ ឬក៏តាមដានពីអារម្មណ៍នៃអ្នកប្រើប្រាស់ដែលបញ្ចេញនៅក្នុងមាតិកានោះ ដូចជា តើសាធារណជនមានគំនិតវិជ្ជមាន ឬអវិជ្ជមានចំពោះបេក្ខជនណាម្នាក់នោះ។

ក្រុមហ៊ុនប្រភេទនេះមួយមានឈ្មោះថា Bakamo.Social ដែលធ្វើការជាមួយរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងគណបក្សនយោបាយ បានពន្យល់ពីសេវាទាំងនេះដែលពួកគេផ្តល់ឲ្យតាមរយៈការស្តាប់ឌីជីថលនៅលើវេបសាយរបស់ពួកគេថា៖ ‘Bakamo ធ្វើការលើសពីការកំណត់ត្រឹមតែពាក្យគន្លឺះ និងអារម្មណ៍។ តាមរយៈព័ត៌មាន លម្អិតបន្តិចៗផ្សុំគ្នា ពួកយើងអាចបង្កើតជាប្រធានបទទូលំទូលាយដែលមានលក្ខណៈទាក់ទាញ និងជំរុញមនុស្សឲ្យចូលរួមនៅក្នុងការពិភាក្សា។ ពួកយើងយល់អំពីកិច្ចសន្ទនាអំពីបញ្ហាសង្គមយ៉ាងពេញលេញ តារាងដំណើររបស់អតិថិជន ការកំណត់ជាផ្នែកៗផ្អែកទៅតាមតម្រូវការ ការកំណត់នូវកត្តាដែលជម្រុញជម្រើសផលិតផល និងជាច្រើនទៀត។ តាមរយៈការបញ្ចេញមតិដ៏ពិតប្រាកដរបស់អ្នកប្រើប្រាស់ អ្នកនឹងទទួលបាននូវគំនិតដ៏ស៊ីជម្រៅ ត្រឹមត្រូវ ចម្រុះ និងការយល់ដឹងអំពីឥរិយាបទរបស់អតិថិជនដែលអ្នកមិនដែលធ្លាប់រំពឹងទុក។’៤

digital-listening-image-9

ការបង្ហោះនៅលើប្លុកមួយនៅឆ្នាំ២០១៥ ដែលមានឈ្មោះថា Crimson Hexagon បានពន្យល់ពីការរកឃើញមួយចំនួនអំពីអ្នកបោះឆ្នោតនៅចក្រភពអង់គ្លេស។ ការបង្ហោះលើប្លុកបានបង្ហាញថាអ្នកបោះឆ្នោតឲ្យគណបក្សឯករាជ្យរបស់ចក្រភពអង់គ្លេស (UK Independence Party) នៅលើបណ្តាញសង្គមមាន ‘ទំនោរចាប់អារម្មណ៍លើក្រុមជីហាតចំនួន៤០ដង (៤០x)’ លើសពីអ្នកប្រើប្រាស់ផ្សេងទៀត រីឯអ្នកគាំទ្រគណបក្សការងារមាន ‘ទំនោរចាប់អារម្មណ៍លើបញ្ហាសត្វព្រៃចំនួន២៦ដង (២៦x)’ ជាជាងអ្នកប្រើប្រាស់ផ្សេងទៀត។


ប្រភព៖ Crimson Hexagon, ‘Voter Interests UK Election | Affinity Analysis Politics’, accessed 12 March 2019.

តើវាដំណើរការដូចម្តេច?

ជាទម្លាប់ពីមុន អ្នកយុទ្ធសាស្រ្ត និងយុទ្ធនាការឃោសនានយោបាយប្រើប្រាស់ការបោះឆ្នោត ការតេរ និងការស្ទង់មតិដើម្បីដឹងឲ្យប្រាកដអំពីការយល់ឃើញរបស់អ្នកបោះឆ្នោត និងដើម្បីស្ទាបស្ទង់កម្តៅនយោបាយ។ បចេ្ចកវិទ្យាតាមដានតាមរយៈការស្តាប់តាមឌីជីថលអនុញ្ញាតឲ្យពួកគេអាចធ្វើការវិភាគបានដូចគ្នាទៅនឹងឧបករណ៍ដែលគេធ្លាប់ប្រើពីមុនមក ប៉ុន្តែវាឆាប់រហ័សជាង ប្រើធនធានតិចជាង និងអាចធ្វើការសិក្សាទៅលើក្រុមមនុស្សបានច្រើនជាង។ នៅពេលដែលការវិភាគនេះត្រូវបានរួមផ្សំជាមួយនឹងសំណុំទិន្នន័យផ្សេងទៀតដូចជា បញ្ជីឈ្មោះអ្នកតាមដានមើល (Follower) របស់អ្នកប្រើប្រាស់ ឬទីតាំងរបស់ពួកគេ ការស្តាប់ឌីជីថលអាចស្ទាបស្ទង់ ពីការយល់ឃើញជាសាធារណៈនៃក្រុមគោលដៅមួយ ដែលធ្វើឲ្យវាក្លាយជាឧបករណ៍ដ៏មានតម្លៃសម្រាប់បេក្ខជន និងយុទ្ធនាការឃោសនានយោបាយ។ បចេ្ចកវិទ្យាតាមដានតាមរយៈការស្តាប់តាមឌីជីថលរួមមានពីរផ្នែក ដែលស្វ័យប្រវត្តិកម្មបានពន្លឿន និងបង្កើនទំហំទៅលើ៖ គឺការទទួលបានទិន្នន័យ និងការវិភាគទិន្នន័យ។ ជាដំបូង ទិន្នន័យត្រូវបានប្រមូលតាមរយៈសុសវែរកម្មវិធីហៅថា scrapers ពីការបង្ហោះលើបណ្តាញសង្គម ធ្វីត (tweet) ដែលភ្ជាប់ជាមួយនឹង hashtag ឬពីបុគ្គលជាក់លាក់ណាមួយនៅលើ Twitter ឬមាតិកាដែលបានពីការបញ្ចេញមតិលើការបង្ហោះនៅក្នុង Facebook។ អន្តរកម្មទាំងនេះអាចត្រូវបានចាត់ជាការចូលរួមជាវិជ្ជមាន ឬអវិជ្ជមាននៅក្នុងប្រធានបទណាមួយ។ បន្ទាប់មក ទិន្នន័យទាំងនេះត្រូវបានវិភាគដោយប្រើប្រាស់វិធីសាស្ត្រដោះស្រាយអាល់ហ្កូរីត (algorithm) ដើម្បីទាញយកជាផ្នែកៗនូវព័ត៌មាន ដូចជា តើធ្វីតមួយបង្ហាញពីអារម្មណ៍វិជ្ជមាន ឬអវិជ្ជមាន តាមរយៈការវិភាគនូវពាក្យ និងបរិបទរបស់វា។ ការវិភាគទាំងនេះភាគច្រើនផ្អែកតាមការវិវត្តថ្មីៗនៅក្នុងដំណើរការភាសាធម្មជាតិ (Natural Language Processing) ដែលជាប្រភេទមួយនៃបញ្ញាសប្បនិម្មិត មានឯកទេសខាងអង្កេតអត្ថបទជាច្រើន។ ដំណើរការភាសាធម្មជាតិ ត្រូវបានបង្កើតឡើងមិនសម្រាប់តែកំណត់អារម្មណ៍វិជ្ជមាន ឬអវិជ្ជមាននៃពាក្យជាក់លាក់ណាមួយ ឬបរិបទភាសាដែលបង្ហាញពីអារម្មណ៍នៃសារតែប៉ុណ្ណោះទេ តែវាក៏ដើម្បីបង្កើតជាវិធានថ្មីដោយសារតែវាអាចធ្វើការវិភាគបានកាន់តែច្រើនទៅៗ ធ្វើឲ្យវាកាន់តែ ‘ឆ្លាត’ ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាជាងការឈប់ប្រើនូវឧបករណ៍ចាស់ បច្ចេកវិទ្យាការតាមដានតាមរយៈការស្តាប់ឌីជីថលនេះ ត្រូវបានគេប្រើបូកផ្សំជាមួយគ្នាតែម្តង។ ឧទាហរណ៍ អង្គការស្ទាបស្ទង់អំពីការបោះឆ្នោតតាមបែបបុរាណមួយឈ្មោះថា YouGov បានប្រមូលមតិសាធារណៈតាមរយៈអ៊ីមែល ឬវិធីសាស្រ្តអនឡាញផ្សេងទៀតសម្រាប់គណបក្សនយោបាយ រដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។ នៅក្នុងឆ្នាំ២០១៨ អង្គការ YouGov នេះបានទិញក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត មួយមានឈ្មោះថា Portent.IO សម្រាប់បង្កើនសមត្ថភាពតាមដានតាមរយៈការតាមស្តាប់ឌីជីថលរបស់វាដើម្បីបន្ថែមទៅលើការងាររបស់ពួកគេដេលមានស្រាប់។៥ Portent.IO ត្រូវបានប្តូរឈ្មោះទៅជា YouGov Signal ដែលអនុវត្តន៍នូវការវិភាគទៅលើពាក្យ និងឥរិយាបថអ្នកប្រើប្រាស់នៅលើ Twitter ដើម្បី ’ចម្រាញ់យកនូវគំនិតគន្លឺះជុំវិញការចូលរួមជារួម ការយល់ឃើញ និងលទ្ធភាពនៃទីផ្សារ’។ វិធីសាស្ត្រនេះត្រូវបានប្រើប្រាស់ដើម្បីស្វែងយល់ថាក្រុមហ៊ុន យុទ្ធនាការឃោសនា ឬបុគ្គលណាមួយធ្វើការបានល្អប៉ុណ្ណា បើតាមការយល់ឃើញពីសាធារណជន ដែលការស្វែងយល់នេះមានអត្ថប្រយោជន៍សម្រាប់អ្នកនយោបាយក្នុងការស្វែងយល់ពីការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរបស់ពួកគេ នៅចំពោះមុខអ្នកបោះឆ្នោតដែលមានសក្តានុពល។៦

digital-listening-image-4

**រូបភាពស្គ្រីនមួយនៃការបង្ហោះនៅលើប្លុកដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Meltwater បង្ហាញពីការវាស់ស្ទង់របស់ពួកគេអំពីអារម្មណ៍ដែលមានចំពោះបេក្ខជនប្រធានាធិបតីកេនយ៉ា លោក Uhuru Kenyatta និងលោក Raila Odinga. **


ប្រភព៖ Philippa Dods, ‘Kenya-Elections-Online-Media-Analysis’, South Africa — Meltwater (blog), accessed 12 March 2019, .

តើទិន្នន័យរបស់អ្នកត្រូវបានគេយកទៅប្រើប្រាស់យ៉ាងដូចម្តេចខ្លះ?

ទិន្នន័យដែលប្រមូលពីបណ្តាញសង្គមដោយយុទ្ធនាការឃោសនានយោបាយ អាចសម្រេចនូវលទ្ធផលមួយចំនួនដូចខាងក្រោម៖

↘ ទិន្នន័យអាចជួយយុទ្ធនាការឃោសនាឲ្យស្វែងយល់បានក្នុងករណីបេក្ខជន ឬបញ្ហាណាមួយត្រូវបានចាត់ទុកថាមានភាពវិជ្ជមាន ឬអវិជ្ជមាន ភាសាបែបណាដែលពួកគេត្រូវប្រើប្រាស់ និងថាតើគេជជែកអំពីបញ្ហាទាំងនេះច្រើនប៉ុណ្ណា។

digital-listening-image-2

NUVI ដែលជាក្រុមហ៊ុនរុករកបណ្តាញសង្គមមួយមានមូលដ្ឋាននៅ Utah ជាទីផ្សាររបស់យុទ្ធនាការឃោសនានយោបាយ។ រូបភាពស្គ្រីននេះយកចេញពីគេហទំព័រដែលបង្ហាញព័ត៌មានអំពីយេនឌ័រនៃអ្នកតាមដានរបស់អតិថិជនម្នាក់ ទីកន្លែង ដែលពួកគេរស់នៅ តើពួកគេចូលរួមកម្រិតណា និងតើវាមានភាពខុសគ្នាទៅតាមពេលវេលាយ៉ាងដូចម្តេចខ្លះ។ ព័ត៌មានបែបនេះអាចត្រូវបានប្រើប្រាស់ដើម្បីរៀបរៀងសារនយោបាយរបស់ពួកគេនាពេលអនាគត។


ប្រភព៖ ‘Politics - NUVI - Real-Time Social Intelligence’, accessed 12 March 2019.

↘ទិន្នន័យអាចបង្ហាញពីបញ្ហាដែលមនុស្សជាទូទៅខ្វាយខ្វល់តាមរយៈការវិភាគទៅលើប្រធានបទដែលមានគេជជែកច្រើនជាងគេ ឬក៏ទំនោរ hashtags នៅជុំវិញវដ្តនៃការបោះឆ្នោត។

↘ សុសវែរកម្មវិធី ក៏អាចជួយស្វែងរកអ្នកដែលមានឥទ្ធិពលនយោបាយផងដែរ តាមរយៈការរកមើលអ្នកដែលមានឥទ្ធិពលសាយភាយច្រើនជាងគេនៅលើបណ្តាញសង្គម និងអ្នកដែលមានអារម្មណ៍វិជ្ជមានចំពោះយុទ្ធនាការឃោសនានយោបាយណាមួយ។ NUVI ដែលជាឧបករណ៍តាមដានការស្តាប់ទៅលើបញ្ហាសង្គមមួយបង្កើតឡើងដោយ Brickfish ផ្តល់នូវសេវាផ្តោតសំខាន់លើរឿងនយោបាយ។ ចំណងជើងធំនៅលើទំព័រនយោបាយរបស់ពួកគេបានសរសេរថា៖ ‘ស្វែងយល់ពីអ្វីដែលសំខាន់សម្រាប់អ្នកបោះឆ្នោតនៅគ្រប់ខណៈពេលណាមួយ។ តាមដាននូវទំនោរ និងគោលគំនិតដែលអ្នកបោះឆ្នោតរបស់អ្នកកំពុងតែចែករំលែក និងការនាំមុខគេក្នុងការដឹងពីគំនិតផ្សេងៗដែលកំពុងតែកើតមានឡើង’។៧ ក្នុងចំណោមសេវារបស់ពួកគេដែលផ្តល់ទៅឲ្យតួអង្គនយោបាយដើម្បី ‘នាំមុខគេក្នុងការដឹងពីអ្វីដែលអ្នកបោះឆ្នោតកំពុងតែគិត’, ‘បង្កើតបញ្ជីឈ្មោះអ្នកដែលមានឥទ្ធិពល និងអ្នករិះគន់មកលើអ្នក ហើយត្រូវដឹងនៅពេលដែលពួកគេជជែកពីប្រធានបទអ្វីមួយ’, ‘[ស្ទាបស្ទង់] អារម្មណ៍ទាក់ទិននឹងបញ្ហាណាមួយ’ និង ‘[មើលឃើញ] ទិន្នន័យដែលលេចឡើងក្នុងកិច្ចសន្ទនាភ្លាមៗនៅក្នុងតារាងដែលអ្នកអាចចូលទៅដំណើរការបាននៅលើឧបករណ៍ចល័តរបស់អ្នក’។៨
ក្រុមហ៊ុន Crimson Hexagon ដែលមានឯកទេសផ្នែកការតាមដានតាមរយៈការស្តាប់តាមឌីជីថល ផ្តល់នូវព័ត៌មាន លម្អិតពីរបៀបដែលពួកគេប្រមូលគំនិតនានា ពីការពិភាក្សានយោបាយនាពេលថ្មីៗនេះនៅលើបណ្តាញសង្គម។ ឧទាហរណ៍ ថ្មីៗនេះពួកគេបានវិភាគថាបេក្ខជនមួយណាដែលត្រូវបានគេជជែកច្រើនជាងគេនៅពេលដែលប្រកាសពីការឈរឈ្មោះប្រកួតប្រជែងប្រធានាធិបតីអាមេរិក ឆ្នាំ ២០២០។ យោងតាមព័ត៌មាន ដែលពួកគេបានផ្តល់ឲ្យ នៅចុងឆ្នាំ ២០១៨ ‘នៅពេលដែល Kamala Harris បានប្រកាសថានាងនឹងចូលរួមប្រកួតប្រជែងនៅថ្ងៃទី០១ ខែមករា មានការធ្វីតចំនួន១៩១ពាន់ដង អំពីបេក្ខភាពរបស់នាង។ Bernie Sander ក៏ទទួលបានធ្វីតចំនួន ១៩១ពាន់ដង ដូចគ្នាផងដែរនៅពេលដែលលោកបានប្រកាសចូលរួមនៅក្នុងការប្រកូតប្រជែងនៅថ្ងៃទី១៩ ខែកុម្ភះ’។៩ ពួកគេក៏បានស្ទាបស្ទង់ពីអារម្មណ៍សាធារណៈជនចំពោះការបោះឆ្នោតផងដែរ ហើយពួកគេរកឃើញថា អ្នកបោះឆ្នោតជាច្រើន ’មិនសប្បាយចិត្ត’ នឹងបញ្ហារសើបដូចជា បញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាអន្តោប្រវេសន៍ ហើយមនុស្សមួយចំនួន ‘ភ័យខ្លាច’ និងខ្លះទៀត ‘សប្បាយចិត្ត’ ជុំវិញព័ត៌មាន នៃការប្រកាសអំពីបេក្ខភាពប្រកួតប្រជែងប្រធានាធិបតី។១០ ក្រុមហ៊ុនផ្សេងមួយទៀតមានឈ្មោះថា Ossalabs បានលក់ឧបករណ៍វាយតម្លៃលទ្ធផលបោះឆ្នោតជាពិសេសសម្រាប់យុទ្ធនាការឃោសនានយោបាយ។១១ Ossalabs ផ្សព្វផ្សាយថា តាមរយៈឧបករណ៍នេះ ពួកគេអាចជួយអ្នកនយោបាយ ‘ត្រៀមរៀបចំសម្រាប់សំនួរជាសាធារណៈ តាមរយៈការដឹងឲ្យបានប្រាកដពីបញ្ហាអ្វីដែលមាននៅក្នុងការគិតរបស់អ្នកបោះឆ្នោត’, ‘ស្វែងរក និងឆ្លើយតបទៅនឹងបញ្ហាតូចតាចដែលប៉ះពាល់ដល់ការសម្រេចចិត្តបោះឆ្នោត មុននឹងវាក្លាយទៅជាបញ្ហាធំ’, ‘គិតទុកជាមុននូវការវាយប្រហារដែលនឹងកើតមានឡើងពីសំណាក់គូប្រជែង’ និង ‘ដឹងនូវចំណុចដែលត្រូវនិយាយ និងប្រធានបទណាដែលមានឥទ្ធិពល’។១២ ក្រុមហ៊ុនទាំងបីនេះបង្ហាញពីប្រភេទផ្សេងៗគ្នាជាច្រើននៃគំនិតដែលអាចត្រូវបានស្ទាបស្ទង់ដើម្បីប្រាប់ទៅអ្នកនយោបាយឲ្យដឹងថាចំណុចដែលខ្លួននិយាយនោះមានប្រសិទ្ធិភាពដែរឬទេ ឬក៏ត្រូវកែតម្រូវវាឲ្យស្របទៅតាមអារម្មណ៍សាធារណជន។

ឧទាហរណ៍

នៅប្រទេសតៃវ៉ាន់៖ ក្រុមហ៊ុន AutoPolitic ធ្វើការលើយុទ្ធនាការឃោសនាបោះឆ្នោតអភិបាលក្រុងសម្រាប់ក្រុងតៃប៉ិ (Taipei) នៅឆ្នាំ២០១៤។ ក្រុមហ៊ុន AutoPolitic នៅក្នុងពាក្យរបស់គេបាននិយាយថា ‘បំពេញ និងបម្លែងទិន្នន័យពីបណ្តាញសង្គមឲ្យទៅជាព័ត៌មាន សម្ងាត់ដែលអាចធ្វើសកម្មភាពបាន’។១៣ លោក​ Ko Wen-je ជាបេក្ខជនដែលឈរឈ្មោះបោះឆ្នោតអភិបាលក្រុងតៃប៉ិជាលើកដំបូងដែលបានធ្វើការជាមួយក្រុមហ៊ុន AutoPolitic។ សម្រាប់យុទ្ធនាការឃោសនារបស់លោក Ko ក្រុមហ៊ុនបានប៉ាន់ស្មាននូវអារម្មណ៍របស់សាធារណជនដើម្បីស្វែងយល់ថា ‘ប្រធានបទណាខ្លះដែលសាធារណជនខ្វាយខ្វល់អំពីវា (ហេតុអ្វី), នរណាជាអ្នកដែលមានឥទ្ធិពល (ទើបគេអាចហៅពួកគេឲ្យចូលរួម) និងប្រធានបទណាខ្លះដែលអ្នកដែលមានឥទ្ធិពលចាប់អារម្មណ៍ខ្លាំងបំផុត’។១៤ ក្រុមហ៊ុនប្រមូលបានបញ្ជីឈ្មោះសកម្មជន និងដាក់លេខរៀងពួកគេទៅតាមការប៉ាន់ប្រមាណអំពីកម្រិតនៃការចូលរួមច្រើនប៉ុណ្ណា ដែលពួកគេអាចធ្វើបានផ្អែកលើសកម្មភាពលើអនឡាញកន្លងមក។ ពួកគេបានសន្និដ្ឋានថាលោក Ko គួរតែចូលរួមជាមួយក្រុមមនុស្សវ័យក្មេងតាមរយៈសកម្មភាពដូចជា ការចាក់សាក់ ការរាំតាមដងផ្លូវ ការលេងបាល់បោះ និងការជិះកង់ជាដើម។ លោក Ko បានធ្វើតាមយោបល់ទាំងនេះ ហើយការទៅកន្លែងចាក់សាក់របស់គាត់ត្រូវបានចាត់ទុកថាទទួលបានជោគជ័យ ព្រោះមានការចែករំលែកយ៉ាងទូលំទូលាយនៅតាមបណ្តាញសង្គម។១៥ នៅប្រទេសឥណ្ឌា៖ Germin8 Social Intelligence ជាក្រុមហ៊ុនឥណ្ឌាមួយដែលផ្តល់ការស្រាវជ្រាវការតាមដានតាមរយៈការស្តាប់តាមឌីជីថលនូវរឿងនយោបាយ។ កម្មវិធីសុសវែរអនឡាញរបស់ Germin8 ដែលមានឈ្មោះថា ‘social command centre’ ធ្វើការតាមដាន ‘ការសន្ទនាសង្គម’ ដូចជាការតស៊ូមតិនៅលើ Twitter ឬនៅលើទំព័រ Facebook សាធារណៈ។១៦ ពួកគេបានចេញផ្សាយនូវការវិភាគនៃការសន្ទនាទាំងនេះនៅមុនការបោះឆ្នោតឆ្នាំ២០១៤ ហើយបានផ្សាយលទ្ធផលទាំងនោះនៅលើអនឡាញ ដែលមនុស្សគ្រប់គ្នាអាចមើលបាន។ លទ្ធផលបង្ហាញថាគណបក្ស Bharatiya Janata Party (BJP) មានសារដែលមានភាពវិជ្ជមានជាង ដែលក្នុងនោះវាបានផ្តោតលើក្តីសង្ឃឹម ចំណែកឯគណបក្ស Aam Aadmi Party មាននូវវិធីសាស្រ្តសំខាន់មួយដែលផ្តោតលើបញ្ហាដូចជាអំពើពុករលួយជាដើម។ អ្នកនាំពាក្យម្នាក់របស់ Germini8 បាននិយាយពីឥទ្ធិពលដែលអាចមានសម្រាប់ជោគជ័យនៃយុទ្ធនាការឃោសនាថា សារដែលមានន័យវិជ្ជមានមានភាពទាក់ទាញចំណាប់អារម្មណ៍ជាង សម្រាប់អ្នកដែលទើបបោះឆ្នោតជាលើកដំបូង។ នេះសបង្ហាញឲ្យឃើញថា ការតាមដានតាមរយៈការស្តាប់តាមឌីជីថលអាចផ្តល់ព័ត៌មាន ដែលអាចត្រូវបានបញ្ចូលទៅក្នុងយុទ្ធសាស្រ្តសម្រាប់យុទ្ធនាការឃោសនានាពេលខាងមុខ។១៧

តើខ្ញុំដឹងបានយ៉ាងម៉េចថា វាកំពុងតែត្រូវបានប្រើប្រាស់មកលើខ្ញុំ?

ក្រុមហ៊ុនតាមដានការតាមរយៈការស្តាប់តាមឌីជីលថលរៀបចំវិធីសាស្រ្តរបស់គេតាមរយៈការស្ទាបស្ទង់ពីអ្វីដែលមនុស្សបាននិយាយនៅ ‘ទសាធារណៈ’។ វាមានតម្លាភាពតិចតួចណាស់ បើនិយាយពីវិសាលភាពពេញលេញនៃការតាមដាននៅទីកន្លែង ‘សាធារណៈ’។ ក្រុមហ៊ុនខ្លះបញ្ជាក់ច្បាស់ថា ពួកគេធ្វើការនៅលើ Twitter ដើម្បីតាមដានឥរិយាបថអ្នកប្រើប្រាស់នៅលើ Twitter ចំណែកឯក្រុមហ៊ុនផ្សេងទៀតមិនបានបញ្ជាក់នោះទេ។ វាធ្វើឲ្យមានការពិបាកក្នុងការដឺងថា តើអ្នកកំពុងត្រូវបានលួចតាមដានស្តាប់ ឬក៏អត់។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចសន្មត់ថា តាមរយៈការជជែកគ្នានៅលើប្រព័ន្ធអនឡាញសាធារណៈដូចជា Twitter ឬប្រសិនបើអ្នកមានគណនី Facebook សាធារណៈ ឬមានការជជែកណាមួយអំពីនយោបាយនៅក្នុងជាលក្ខណៈក្រុម (Facebook groups) ទិន្នន័យរបស់អ្នកអាចនឹងត្រូវបានគេប្រមូល និងប្រើប្រាស់តាមមធ្យោបាយដែលបានរៀបរាប់ពីខាងលើ។

ចំណុចគួរពិចារណា

↘ការតាមដានតាមរយៈការស្តាប់តាមឌីជីថលអាចជៀសវាងនូវបញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងការប្រមូលគំនិតយោបល់តាមបែបសាមញ្ញដូចជា ការត្រួតពិនិត្យដោយខ្លួនឯង (Self-censorship) និង Hawthorne effect (ផលប៉ះពាល់ ដែលអ្នកត្រូវបានគេតាមដានផ្លាស់ប្តូរអាកប្បកិរិយានៅពេលដែលគេដឹងថាកំពុងត្រូវបានតាមដាន)។

↘ ការតាមដានតាមរយៈការស្តាប់តាម ឌីជីថលអនុញ្ញាតឲ្យយុទ្ធនាការឃោសនាអាចធ្វើការវាយតម្លៃ និងស្ទាបស្ទង់ពីគំនិត និងអារម្មណ៍របស់មនុស្សកាន់តែទូលំទូលាយ និងមានលក្ខណៈទ្រង់ទ្រាយធំបានជាជាងការប្រើវិធីសាស្រ្តស្ទង់មតិបោះឆ្នោតតាមអនឡាញ និងការស្ទង់មតិធម្មតា។

↘ ការតាមដានតាមរយៈការស្តាប់តាមឌីជីថល ផ្តោតលើអាកប្បកិរិយាជាជាងគោលបំណង ឬឥរិយាបថរបស់មនុស្ស ដោយវាបានផ្តល់នូវគំនិតយោបល់ ‘ដែលមិនបានគ្រោងទុក’។

digital-listening-image-10

**នៅក្នុងខែតុលា ឆ្នាំ២០១៨ កាណាដាបានក្លាយជាប្រទេសសេដ្ឋកិច្ចសកលដ៏ធំដំបូងគេបង្អស់ដែលបានផ្តល់ភាពស្របច្បាប់ដល់ការប្រើប្រាស់អាភៀនក្នុងគោលបំណងនៃការបង្កើតថ្មី។ Crimson Hexagon ជាក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅទីក្រុងបូស្តុន បានអង្កេតអំពីប្រតិកម្មលើប្រព័ន្ធអនឡាញរបស់ប្រទេស។ យោងតាមរូបភាពស្គ្រីនពីគេហទំព័ររបស់ពួកគេនេះ នៅថ្ងៃនៃការអនុម័តផ្តល់ភាពស្របច្បាប់ មានចំនួន៤០.០០០ នៃការបង្ហោះនៅលើបណ្តាញសង្គម ដែល ៥៦% នៃការបង្ហោះទាំងនោះត្រូវបានកំណត់ថា ‘មានអារម្មណ៍រីករាយ’។ អារម្មណ៍ត្រូវបានបែងចែកទៅតាមតំបន់ភូមិសាស្រ្ត ដែលទីក្រុងមួយចំនួននៅប៉ែកខាងលិចប្រទេសកាណាដាពេញចិត្តនូវការផ្លាស់ប្តូរ រីឯទីក្រុងដែលនៅប៉ែកខាងកើតប្រទេសបានប្រឆាំងចំពោះការផ្លាស់ប្តូរនេះ។ **


ប្រភព៖ ‘Canada Has Legalized Weed and Banff National Park Is Loving It’, accessed 12 March 2019.

↘ អ្នកប្រើប្រាស់កម្រនឹងផ្តល់ឲ្យ ឬត្រូវបានសាកសួរអំពីការយល់ព្រមធ្វើជាផ្នែកមួយនៅក្នុងការវិភាគនៃវិធីសាស្ត្រការស្តាប់ឌីជីថលនេះណាស់ ប៉ុន្តែក្រុមហ៊ុនធ្វើឲ្យវាក្លាយជារឿងត្រឹមត្រូវបានតាមរយៈការប្រមូលទិន្នន័យពីទីកន្លែង ‘សាធារណៈ’។ ពាក្យស្លោករបស់ Bakamo.Social “ការទទួលបានគំនិតដោយមិនចាំបាច់សាកសួរ”បានលើកឡើងថា “ការមិនទទួលបានការព្រមព្រៀងដើម្បីសាកសួរ ត្រូវបានគេមើលឃើញថាជាប្រយោជន៍មួយ”។

↘ ទោះបីជាអ្នកផ្តល់ ឬក្រុមហ៊ុនផ្តល់សេវាការតាមដានតាមរយៈការស្តាប់តាមឌីជីថលលើកឡើងថា ‘វាជារឿងងាយស្រួលក្នុងការស្វែងយល់អំពីអារម្មណ៍មនុស្សណាម្នាក់។ ខណៈវាគ្រាន់តែជាអារម្មណ៍ ឬក៏ការរំជួលចិត្ត ជាឥរិយាបថ ឬក៏ការយល់ឃើញប៉ុនណោះ’១៨ តែការយល់ឃើញមិនងាយស្រួលក្នុងការប្រមូលនោះឡើយ។ ផ្ទុយទៅវិញ ការតាមដានតាមរយៈការស្តាប់តាមឌីជីថលផ្តោតលើបច្ចុប្បន្នកាលជាមធ្យាបាយក្នុងការប៉ាន់ស្មាន ឬទស្សនទាយថាមនុស្សចង់បានអ្វី ឬនឹងចង់បានអ្វីនាពេលអនាគត ដែលជាវិធីសាស្រ្តមួយមិនសូវជាគួរឲ្យជឿជាក់បាននោះទេ។

↘ ក្រៅពីនេះទៅទៀត ទោះបីជាការតាមដានតាមរយៈការស្តាប់តាមឌីជីថលអាចជួយស្ទាបស្ទង់ក្រុមមនុស្សផ្សេងៗគ្នាដែលត្រូវបានស្ទង់មតិតាមបចេ្ចកទេសសាមញ្ញនោះក្តី ក៏វានៅមានកម្រិតសម្រាប់តែអ្នកដែលចូលរួមនៅក្នុងការពិភាក្សានយោបាយ តាមរយៈបណ្តាញសង្គមអនឡាញ និងផ្តល់ឲ្យនូវការយល់ឃើញមួយដែលមានកម្រិតផងដែរ។

១ Dave Nyczepir, ‘ជំហានបន្ទាប់នៅក្នុងការបញ្ចុះបញ្ចូលតាមអនឡាញ’, យុទ្ធនាការ និងការបោះឆ្នោត, ចូលមើលនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩, https://www.campaignsandelections.com/ campaign-insider/the-next-step-in-online-persuasion.

២ ‘ការសិក្សាតូចមួយអំពីការបោះឆ្នោតនៅប្រទេសបារាំងនៅឆ្នាំ២០១៧’, Bakamo Social, ចូលមើលនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩, https://www.bakamosocial.com/frenchelection.

៣ Kristof Varga, ‘ហេតុអ្វីយុទ្ធនាការឃោសនាសហភាពអឺរ៉ុបគួរតែវិនិយោគលើការស្តាប់តាមបណ្តាញទំនាក់ទំនងសង្គម’, យុទ្ធនាការ និងការបោះឆ្នោត, ចូលមើលនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៩, https://www.campaignsandelections.com/europe/why-europeancampaignsshould-invest-in-social-media-listening.

៤ ‘Bakamo.Social | ការស្តាប់សង្គមតាមបែបយុទ្ធសាស្រ្ត | ការស្វែងយល់ដោយមិនចាំបាច់សួរ, ចូលមើលនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩, https://www.bakamosocial.com/.

៥ Steve O’Hear, ‘YouGov ទិញ Portent.IO, ចូលមើលនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩, https://techcrunch.com/2018/12/18/yougov-acquires-portent-io/.

៦ ‘របៀបដែលយើងធ្វើការ’, YouGov Signal, ចូលមើលនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩, https://yougov-signal.com/how-we-work/.

៧ ‘នយោបាយ - NUVI - បញ្ញាសង្គមក្នុងកាលវេលាពិតៗ’, ចូលមើលនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩, http://marketingstage.nuvi.com/politics/.

៨ ‘នយោបាយ - NUVI - បញ្ញាសង្គមក្នុងកាលវេលាពិតៗ’

៩ ‘Bernie Sanders និង Kamala Harris ជាបេក្ខជនគណបក្សប្រជាធិបតេយ្យដែលគេជជែកច្រើនបំផុត’, ចូលមើលនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩, https://www.crimsonhexagon.com/the-crimson-post/bernie-sanders-kamala-harris-most-discusseddemocraticparty-candidates/.

១០ ‘Bernie Sanders និង Kamala Harris ជាបេក្ខជនគណបក្សប្រជាធិបតេយ្យដែលគេជជែកច្រើនបំផុត’

១១ ‘ផលប៉ះពាល់នៃការបោះឆ្នោត’, OssaLabs, ចូលមើលនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៩, http://www.ossalabs.com/election-impact.

១២ ‘យុទ្ធនាការឃោសនានយោបាយ’, OssaLabs, ចូលមើលនៅថ្ងៃទី ១២ ខែមីនាឆ្នាំ ២០១៩, http://www.ossalabs.com/political.