ការកំនត់គោលដៅទីតាំងភូមិសាស្រ្ត៖ គុណតម្លៃផ្នែកនយោបាយនៃទីតាំងរបស់អ្នក

តើអ្វីជាការកំណត់គោលដៅទីតាំងភូមិសាស្រ្ត?

ការកំណត់គោលដៅទីតាំងភូមិសាស្រ្តគឺជាការប្រើប្រាស់ព័ត៌មានទីតាំងរបស់អ្នក ជាព័ត៌មានគ្រប់យ៉ាងចាប់តាំងពីទីក្រុងដែលអ្នករស់នៅរហូតដល់កូរអដោនេជីភីអេសជាក់លាក់របស់អ្នក ដើម្បីកំណត់ ទៅនឹងសារ ឬការផ្សព្វផ្សាយជាពិសេស។ ទីតាំងភូមិសាស្រ្តរបស់អ្នកអាចបង្ហាញពីកន្លែងដែលអ្នករស់នៅ កន្លែងធ្វើការ និងអ្វីដែលអ្នកធ្វើនៅថ្ងៃចុងសប្តាហ៍។ វាអាចផ្តល់តម្រុយពីទម្លាប់ហាត់ប្រាណ ការទៅផ្សារទំនើប និងការទៅរោងកុនរបស់អ្នកផងដែរ។ ដោយសារតែទិន្នន័យអំពីទីតាំងរបស់អ្នកមានសក្តានុពលខ្លាំងក្នុងការបង្ហាញពីអ្វីដែលអ្នកចាប់អារម្មណ៍ និងអ្វីដែលអ្នកផ្តល់តម្លៃ វាបានក្លាយទ្រព្យដ៏មានតម្លៃសម្រាប់យុទ្ធនាការឃោសនានយោបាយ។ យុទ្ធនាការឃោសនាបានអនុវត្តន៍ការកំនត់គោលដៅទីតាំងភូមិសាស្រ្តនេះជាមូលដ្ឋានដោយកំណត់ផ្សេងគ្នារវាងតំបន់ដែលមាន និងមិនមានជំហរនយោបាយរឹងមាំ។ បច្ចុប្បន្ននេះ តាមរយៈព័ត៌មានទាក់ទងនឹងអាកប្បកិរិយាដ៏ច្រើនដែលបានយកមកពីទិន្នន័យទីតាំង ពួកគេអាចកំណត់គោលដៅអ្នកបោះឆ្នោតបានកាន់តែច្បាស់លាស់។ គណបក្សនយោបាយអាចយកព័ត៌មានទីតាំងរបស់អ្នកពីប្រភពជាច្រើនរួមមាន ពាក្យបំពេញដោយខ្លួនឯង បញ្ជីឈ្មោះអ្នកបោះឆ្នោតជាសាធារណៈ ឈ្មួញទិន្នន័យ និងក្រុមហ៊ុនឯកជន សេវាបង្ហាញទីតាំង កម្មវិធីទីតាំងដែលតភ្ជាប់ជាមួយអេភីអាយ (APIs) ទិន្នន័យដែលមានអាជ្ញាប័ណ្ណពីអ្នកផ្តល់ឲ្យជាភាគីទីបី និងពីប្រភពផ្សេងៗទៀត។១ ដោយសារតែចំនួនឧបករណ៍ចាប់សញ្ញា (Sensor) នៅជុំវិញពិភពលោកមានការកើនឡើង នោះទិន្នន័យអំពីទីតាំងនឹងកាន់តែងាយស្រួលក្នុងការទាញយកមកប្រើប្រាស់បាន។២ តាមរយៈការប្រើប្រាស់ទិន្នន័យនេះ យុទ្ធនាការឃោសនានយោបាយនឹងបន្តកំណត់សាររបស់ពួកគេទៅតាមគោលដៅតំបន់ជាក់លាក់ ការជួបប្រជុំនយោបាយព្រឹត្តិការណ៍នានា ឬសូម្បីតែតាមផ្ទះនីមួយៗដោយកាន់តែមានភាពច្បាស់លាស់និងលម្អិត។

cloudFactoryBlogPostHeadline

cloudFactoryBlogPostText

_រូបភាពស្គ្រីនមួយពីប្លុករបស់ Cloud Factory បង្ហាញពីបច្ចេកវិទ្យា geospatial របស់ក្រុមហ៊ុនដែលអាចជួយដល់យុទ្ធនាការឃោសនានយោបាយ។ ប្រភព៖ [Cloud Factory](https://blog.cloudfactory.com/french-presidential-campaign-geospatial-ai)_

ការកំណត់គោលដៅទីតាំងភូមិសាស្រ្តអាចមានច្រើនទម្រង់ ប៉ុន្តែទម្រង់ដែលប្រើប្រាស់ច្រើនជាងគេនោះគឺ៖ ↘ ការកម្រិតទីតាំងភូមិសាស្រ្ត (Geofencing)៖ ជាការកំណត់នូវបរិវេណ (បរិមាត្រ) ជាក់លាក់មួយជុំវិញចំណុចដែលត្រូវបានគេចាប់អារម្មណ៍ ក្នុងការផ្សព្វផ្សាយនូវសារទៅកាន់មនុស្សដែលរស់នៅនៅក្នុងតំបន់នោះតែប៉ុណ្ណោះ។ ការកម្រិតទីតាំងភូមិសាស្រ្តអាចត្រូវបានដាក់ជុំវិញអគារ ឬតំបន់នីមួយៗជាមួយនឹងកម្រិតគ្របដណ្តប់ ជាច្រើនម៉ាយល៍។ ↘ ការកំណត់គោលដៅអាយភី (IP targeting)៖ ជាការប្រមូលព័ត៌មានទីតាំងពីអាស័យដ្ឋានអាយភី (Internet Protocol) និងធ្វើការកំណត់សារទៅតាមព័ត៌មានពីទីតាំងអាយភី។ ↘ ការកំណត់គោលដៅទីតាំងភូមិសាស្រ្តចល័តនិងទីក្នុងបរិវេណ៖ ជាការកំណត់សារនយោបាយ​ទៅតាមផ្នែកភូមិសាស្រ្តដែលមិនសូវជាដាច់ពីគ្នា ឬមានលក្ខណៈជាបណ្តុំដូចជាកូដប្រៃសណីយ៍តាមរយៈ ប៉ុស្តិ៍ប្រៃសណីយ៍ ឬទូរស័ព្ទដៃតាមរយៈការផ្សព្វផ្សាយតាមឌីជីថល។ ទម្រង់ខ្លះនៃការកំណត់គោលដៅទ្រង់ទ្រាយតូចចំពោះទីតាំងជាក់លាក់ សឹងតែមាននៅគ្រប់យុទ្ធនាការឃោសនានយោបាយដែលមានធនធានជាមូលដ្ឋាននៅជុំវិញពិភពលោកហើយសឹងតែគ្រប់យុទ្ធនាការឃោសនាប្រើប្រាស់ទម្រង់បចេ្ចកវិទ្យាល្បីល្បាញក្នុងការកំណត់ការផ្សព្វផ្សាយតាមទីតាំង មិនថានៅទីក្រុង ស្រុក សង្កាត់ ឬតាមផ្ទះនីមួយៗនោះឡើយ។ ទម្រង់កំណត់គោលដៅទីតាំងភូមិសាស្រ្តដែលកាន់តែឆ្លាតវៃជាងនេះទៅទៀតនោះនឹងក្លាយជាការប្រើប្រាស់ជាទូទៅដោយជៀសមិនបាន ដោយក្រុមហ៊ុនពង្រីកការផ្ត-ល់ជូនរបស់ពួកគេ និងការបញ្ចុះតម្លៃនៅក្នុងដំណើរការនេះ។

តើទិន្នន័យរបស់អ្នកត្រូវបានប្រើប្រាស់យ៉ាងដូចម្តេច?

ជាគោលការណ៍ អ្នកអាចស្រមៃថាទិន្នន័យទីតាំងភូមិសាស្រ្តជាបណ្តុំនៃចំណុចដែលបង្ហាញមនុស្សផ្សេងៗគ្នាផ្លាស់ទីនៅលើផែនទីមួយ រវាងផ្ទះ កន្លែងធ្វើការ កន្លែងដឹកជញ្ជូនសាធារណៈ កន្លែងប្រគុំតន្រ្តី សួនច្បារ និងការធ្វើដំណើរត្រឡប់មកផ្ទះវិញជាដើម។ ក្នុងន័យនេះ ព័ត៌មាននេះគឺមិនសូវជាមានន័យអ្វីនោះទេ។ វាអាចក្លាយជាមានតម្លៃនៅពេលដែលមានការសន្និដ្ឋាន និងការបកស្រាយអំពីវា ហើយ ប្រហែលជាធ្វើឡើងដោយប្រភពព័ត៌មានផ្សេងទៀត។ ជាទាហរណ៍ ទីតាំងកន្លែងហាត់ប្រាណមួយ មិនមានអ្វីគួរឲ្យចាប់អារម្មណ៍សម្រាប់យុទ្ធនាការឃោសនានោះទេ លើកលែងតែពេលវាត្រូវបានសន្និដ្ឋាន ឬបញ្ជាក់ថាវាជាទីតាំងរបស់អ្នកចូលចិត្តលើតំហែទាំសុខភាព។ លេខកូដប្រៃសណីយ៍របស់អ្នកអាចបង្ហាញពីទំនោរនយោបាយរបស់អ្នក ហើយនៅពេលបញ្ចូលគ្នាជាមួយនឹងទិន្នន័យទីតាំងរបស់អ្នក ដូចជាផ្សារទំនើបដែលអ្នកទៅជាប្រចាំ វាអាចនឹងបង្ហាញពីឥរិយាបថរបស់អ្នកចំពោះបញ្ហាបរិស្ថាន។ អ្នកអាចសន្និដ្ឋានថាទម្រង់ខ្លះនៃទិន្នន័យទីតាំងរបស់អ្នក មិនថាជាកន្លែងដែលអ្នករស់នៅ ឬក៏ជាចំណុចកូរអរដោណេនៃការប្រើប្រាស់ទូរស័ព្ទចល័តរបស់អ្នកនោះទេ វានឹងក្លាយជាទុនមួយសម្រាប់យុទ្ធនាការឃោសនានយោបាយដែលចង់កំណត់គោលដៅមកលើអ្នក។

snap-success

*រូបភាពស្គ្រីនមួយពី Snapchat បង្ហាញពីយុទ្ធនាការឃោសនាឈរឈ្មោះបោះឆ្នោតម្តងទៀតរបស់ Rob Portman នៅឆ្នាំ ២០១៦ ដែលមានបញ្ចូលនូវសមត្ថភាពកម្រិតទីតាំងភូមិសាស្រ្ត និងជ្រើសយកទីតាំង (geofiltering) ដើម្បីបង្កើនការសម្គាល់អត្តសញ្ញាណឈ្មោះសមាជិកព្រឹទ្ធសភារបស់ Portman នៅក្នុងចំណោមអ្នកបោះឆ្នោតនៅរដ្ឋអូហៃយ៉ូ (Ohio)។ Snapchat បានប៉ាន់ប្រមាណជាលទ្ធផលថាយុទ្ធនាការឃោសនាបានបង្កើននូវការស្គាល់បេក្ខជនរហូតដល់ ១០.៨%។ ប្រភព៖ [Snapchat](https://storage.googleapis.com/snapchat-web/success-stories/pdf/pdf_nrsc_en.pdf)*

ក្រុមហ៊ុនដែលមិនពាក់ព័ន្ធជាមួយនយោបាយដូចជា The Weather Channel App (ជាកម្មសិទ្ធរបស់ក្រុមហ៊ុន IBM) និង Snapchat មានការកើនឡើងនូវការចាប់ផ្តើមធ្វើឲ្យយុទ្ធនាការឃោសនានយោបាយអាចរកបាននូវទិន្នន័យទីតាំង ដែលក្រុមហ៊ុនទាំងនោះប្រមូលបានពីអ្នកប្រើប្រាស់របស់ពួកគេ។ នៅក្នុងឆ្នាំ២០១២ The Weather Channel បានប្រកាសអំពីការសហការគ្នាជាមួយ Jumptap ដែលជាក្រុមហ៊ុនផ្សព្វផ្សាយចល័ត សម្រាប់ការផ្សព្វ ផ្សាយការបោះឆ្នោត។ ទិន្នន័យទីតាំងដែលប្រើដើម្បីព្យាករណ៍អាកាសធាតុឲ្យអ្នកប្រើប្រាស់កម្មវិធី ត្រូវបានដាក់ឲ្យប្រើប្រាស់បានសម្រាប់យុទ្ធនាការឃោសនានយោបាយ ដូចដែលបានបង្ហាញនៅលើវេបសាយមួយរបស់ក្រុមហ៊ុនអាកាសធាតុ ដែលបានសរសេររៀបរាប់ចាប់ពីពេលនោះមក។៣ ទិន្នន័យទីតាំងរបស់ Snapchat ក៏ត្រូវបានប្រើប្រាស់ដោយយុទ្ធនាការឃោសនានយោបាយផងដែរ។ នៅក្នុងការបោះឆ្នោតបន្ទាន់មួយនៅចក្រភពអង់គ្លេសក្នុងឆ្នាំ២០១៧ គណបក្សការងារ (Labour Party) បានប្រើប្រាស់ Snapchat ដើម្បីលើកទឹកចិត្តក្រុមវ័យក្មេងឲ្យបោះឆ្នោតតាមរយៈឧបករណ៍មួយសម្រាប់រកមើលពីទីកន្លែងបោះឆ្នោតរបស់ពួកគេ។ សារនោះមានអ្នកមើលរហូតដល់ទៅចំនួន៧.៣ លានដង និងមានមនុស្សចំនួន៧៨០.០០០នាក់ បានប្រើប្រាស់ឧបករណ៍ដើម្បីរកមើលកន្លែងបោះឆ្នោតរបស់ពួកគេ។៤ នៅសហរដ្ឋអាមេរិក Snapchat បានរៀបចំយុទ្ធនាការឃោសនាចុះឈ្មោះអ្នកបោះឆ្នោតនៅមុនការបោះឆ្នោតពាក់កណ្តាលសមាជឆ្នាំ២០១៨។៥

យុទ្ធនាការឃោសនាបោះឆ្នោតក៏បានចាប់ផ្តើមការកំណត់គោលដៅអាយភី។ DSPolitical ដែលជាក្រុមហ៊ុនប្រឹក្សានយោបាយដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានប្រើប្រាស់ការកំណត់គោលដៅអាយភី និងឃុគឃី ដើម្បីបង្ហាញចំណាប់អារម្មណ៍វីដេអូឌីជីថលចំនួន៨លានទៅកាន់អ្នកបោះឆ្នោតចំនួន ៤៥០,០០០ នាក់នៅក្នុងការបោះឆ្នោតសហព័ន្ធកាណាដានៅឆ្នាំ២០១៥។ ក្រុមហ៊ុនក៏បានអះអាងថា យុទ្ធនាការទាំងនោះទទួលបានភាពជោគជ័យយ៉ាងខ្លាំងចាប់តាំងពីគេបានចូលរួមជាមួយការបោះឆ្នោតថ្នាក់ខេត្តចំនួនពីរលើកនៅកាណាដាមក។៦ គណបក្សប្រជាធិបតេយ្យសេរីនៅចក្រភពអង់គ្លេស បានប្រើប្រាស់ក្រុមហ៊ុន Digital Element ដែលមានម៉ាកយីហោជា ‘អ្នកនាំមុខនៅក្នុងការកំណត់ទីតាំងភូមិសាស្រ្តអាយភីជាសកល’ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៥។៧

ឧទាហរណ៍

នៅសហរដ្ឋអាមេរិក៖ នៅក្នុងខែមេសា ឆ្នាំ២០១៦ នៅពេលដែលសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក Lisa Murkowski កំពុងតែឈរឈ្មោះបោះឆ្នោតម្តងទៀតនៅរដ្ឋ អាឡាស្កា (Alaska) នោះ យុទ្ធនាការរបស់លោកស្រីបានបង្កើតនូវការផ្សព្វផ្សាយមួយតាមរយៈការកំណត់គោលដៅទៅអគារដាច់ដោយឡែកពីគ្នា។ ការឃោសនានោះបានផ្សព្វផ្សាយពីការគាំទ្រទៅលើលោកស្រី Murkowski ក្នុងការសាងសង់ផ្លូវចម្ងាយ១១ម៉ាយល៍តាមជម្រកសត្វព្រៃនៅក្នុងរដ្ឋរបស់លោកស្រី បានក្លាយជារឿងមួយដែលនាយកដ្ឋានមហាផ្ទៃ (ភ្នាក់ងារសហព័ន្ធទទួលបន្ទុកផ្នែកឧទ្យានជាតិ) នាពេលនោះបានជំទាស់។ យុទ្ធនាការរបស់លោកស្រីហាក់ដូចជាបានដាក់ពង្រាយនូវការកម្រិតភូមិសាស្រ្ត (geofence) នៅជុំវិញស្នាក់ការកណ្តាលរបស់នាយកដ្ឋានមហាផ្ទៃ ស្ថិតនៅប៉ុន្មានផ្លូវពីសេតវិមាន។ មន្រ្តីដែលធ្វើការនៅក្នុងអគារនោះ បានបើកមើលព័ត៌មានថ្មីៗនៅកំឡុងពេលអាហារថ្ងៃត្រង់ ក៏បានឃើញពីការផ្សព្វផ្សាយនោះដោយឃើញលោកស្រី Murkoswski លេចឡើងចំនួន ៧,០០០ ដង។ ខណៈនៅក្នុងខែមករា ឆ្នាំ២០១៨ ប្រធាននាយកដ្ឋានមហាផ្ទៃបានឯកភាពជាផ្លូវការចំពោះការសាងសាង់ផ្លូវដែលមាននៅក្នុងការផ្សព្វផ្សាយរបស់លោកស្រី Murkowski ។៨

el-toro-1

_រូបភាពស្គ្រីនមួយពីគេហទំព័ររបស់ El Toro បង្ហាញពីការដែលក្រុមហ៊ុនអះអាងថាពួកគេអាចកំណត់គោលដៅលើអ្នកបោះឆ្នោតដោយផ្អែកលើទិន្នន័យទីតាំងរបស់ឧបករណ៍ក្នុងកំឡុងពេល៦ខែ និងផ្គូរផ្គងវាជាមួយនឹងអាសយដ្ឋានជាក់ស្តែងរបស់អ្នកបោះឆ្នោត។ Sources: [El Toro Political Digital Advertising](https://www.eltoro.com/political-digital-advertising/)_

នៅប្រទេស Guyana ៖ ក្រុមហ៊ុនបច្ចេកវិទ្យាផ្សព្វផ្សាយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក El Toro បានជួយឲ្យបេក្ខជនប្រធានាធិបតីប្រឆាំងលោក David Granger ទទួលបានជ័យជម្នះនៅក្នុងឆ្នាំ២០១៥ ជាមួយនឹងការប្រើប្រាស់សេវាកំណត់គោលដៅអាយភីរបស់ពួកគេ។ ជាក់ស្តែង El Toro បានកំណត់ផែនទីអាសយដ្ឋានអាយភីរបស់អ្នកប្រើប្រាស់ ដោយភ្ជាប់ជាមួយនឹងអាស័យដ្ឋានផ្ទះ ដែលធ្វើឲ្យយុទ្ធនាការឃោសនារបស់លោក Granger អាចផ្ញើរសារនៃការផ្សព្វផ្សាយរបស់តម្រូវតាមបុគ្គលម្នាក់ៗទៅតាមផ្ទះ និងឧបករណ៍ប្រើប្រាស់ សូម្បីតែនៅពេលដែលមនុស្សចេញពីផ្ទះ ឬការិយាល័យ។ ជ័យជម្នះគួរឲ្យកត់សម្គាល់ជាពិសេសនេះ គឺដោយសារតែរដ្ឋាភិបាល Guyana បានគ្រប់គ្រងទៅលើការផ្សាយនៅតាមទូរទស្សន៍ និងវិទ្យុ ដែលបេក្ខជនខាងគណបក្សប្រឆាំងមិនអាចប្រើប្រាស់វាបាន។៩ ក្រុមហ៊ុន El Toro បានអះអាងថាពួកគេបានប្រើប្រាស់បច្ចេកវិទ្យាកំណត់គោលដៅអាយភីនៅក្នុងការបោះឆ្នោតលើសពី២០០០ នៃការបោះឆ្នោតទូទាំងពិភពលោក ហើយក្រុមហ៊ុនអាចកំណត់គោលដៅអ្នកបោះឆ្នោតផ្អែកតាមទីតាំងពិតប្រាកដរបស់ពួកគេ មិនថានៅក្នុងកំឡុងពេលណាឲ្យតែនៅក្នុងរយៈពេលប្រាំមួយខែចុងក្រោយ។១០
នៅប្រទេសបារាំង៖ ក្រុមហ៊ុន Liegey Muller Pons (LMP) បានផ្តល់សេវាបោះឆ្នោតទៅឲ្យយុទ្ធនាការច្រើនជាង ១,០០០ យុទ្ធនាការនៅតាមបណ្តាប្រទេសអឺរ៉ុបចំនួន៦។១១ ដោយហេតុតែច្បាប់បារាំងជាទូទៅហាមឃាត់ការកំណត់គោលដៅក្នុងកម្រិតបុគ្គល ក្រុមហ៊ុនLMPអាចជួយយុទ្ធនាការដើម្បីសម្រេចអំពីទីតាំងភូមិសាស្រ្តស្រុក និងស្ថានីយ៍បោះឆ្នោតណាខ្លះ ដែលគួរត្រូវបានផ្តល់ជាអាទិភាព ដោយផ្អែកលើថាតើតំបន់មួយណាដែលគេគិតថាមានប្រជាជានអាចស្របតាមគំនិតរបស់បេក្ខជននយោបាយណាមួយច្រើនជាងតំបន់ផ្សេងទៀត។១២ ក្រុមហុន LMP ក៏បានសហការជាមួយ Cloud Factory ផងដែរ ដែលវាជា ‘ក្រុមហ៊ុនចែកចាយកម្លាំងពលកម្ម’ មានមូលដ្ឋាននៅប្រទេសនេប៉ាល់ ក្នុងការដំណើរការទិន្នន័យនៃរូបភាពទំហំទីតាំងដើម្បីជួយដល់ការធ្វើយុទ្ធនាការឃោសានាប្រធានាធិបតីឆ្នាំ២០១៧ របស់លោក Emmanuel Macron ដើម្បីផ្តល់អាទិភាពលើការិយាល័យបោះឆ្នោត។ មានការបង្ហោះនូវអត្ថបទប្លុកមួយមានឈ្មោះថា ‘ដំណើរឆ្ពោះទៅរកជ័យជម្នះនៃយុទ្ធនាការឃោសនាប្រធានាធិបតីបារាំងតាមរយៈការប្រើប្រាស់អេអាយផែនទីទំហំភូមិសាស្រ្ត (Geospatial AI)’ ដោយក្នុងនោះ Cloud Factory បានរៀបរាប់ពីវិធីសាស្ត្រដែលគេជួយដល់ក្រុមហ៊ុន LMP នៅក្នុងការ ‘មើលឃើញលទ្ធផលបោះឆ្នោត ព័ត៌មានប្រជាសាស្រ្តនៃអ្នកបោះឆ្នោត ទំនោរនៃការបោះឆ្នោត និងព័ត៌មានផ្សេងទៀតដែលជួយបេក្ខជននយោបាយ អាចស្វែងយល់ពីអ្នកបោះឆ្នោតរបស់ខ្លួនឲ្យបានក្នុងកម្រិតមួយដ៏ស៊ីជម្រៅ’។ គេក៏បានសរសេរផងដែរថា ‘ការកំណត់ផែនទីទំហំភូមិសាស្រ្ត អាចឲ្យបេក្ខជនកំណត់តំបន់គោលដៅ និងសក្តានុពលក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកបោះឆ្នោត។ វាអាចជួយបុគ្គលិកដែលធ្វើការក្នុងវិស័យនោះ សម្របសម្រួលជាមួយមិត្តរួមការងារនៅក្នុងការិយាល័យរបស់ពួកគេដើម្បីកំណត់ទីតាំងដ៏ល្អបំផុតសម្រាប់ការជួបប្រជុំនិងព្រឹត្តិការណ៍បោះឆ្នោតផ្សេងទៀត’។១៣

ចំណុចគួរពិចារណា

↘ ដោយសារតែប្រវត្តិអំពីទីតាំងរបស់យើងឆ្លុះបញ្ចាំងថាយើងបានចំណាយពេលវេលារបស់យើងនៅឯណា និងសកម្មភាពអ្វីខ្លះដែលយើងឲ្យតម្លៃ ដែលវាអាចជាបង្អួចចូលឲ្យកាន់តែជ្រៅទៅកាន់ផ្នែកដែលអាថ៍កំបាំង និងជាចំណុចរសើបនៃជីវិតរបស់យើង។ ↘ ទិន្នន័យស្តីពីទីតាំងភូមិសាស្រ្តមានរួចជាស្រេចសម្រាប់ចូលប្រើប្រាស់ដោយស្ថាប័នណាក៏ដោយដែលគ្រាន់តែមានឆន្ទៈក្នុងការបង់ថ្លៃដើម្បីប្រើប្រាស់តែប៉ុណ្ណោះ។ ↘ ដោយសារតែអត្ថន័យនៃទិន្នន័យស្តីពីទីតាំងភូមិសាស្រ្តបានមកពីការសន្និដ្ឋាន និងការបកស្រាយពីវា ដូច្នេះវាក៏អាចមានភាពលម្អៀងផងដែរ។ មួយផ្នែកនៃភាពលម្អៀងនេះធ្វើឲ្យមានការបារម្ភអំពីភាពត្រឹមត្រូវនៃការទាញសេចក្តីសន្និដ្ឋាន តែការបារម្ភធំជាងនេះគឺវិធីដែលភាពលម្អៀងទាំងនេះ អាចធ្វើឲ្យប៉ះពាល់ដល់គោលការណ៍ប្រជាធិបតេយ្យដូចជាតាមរយៈការដកចេញនូវក្រុមមនុស្សពីដំណើរការប្រជាធិបតេយ្យ។ ↘ មនុស្សជាច្រើនមិនបានដឺងពីការអនុវត្តន៍ដែលផ្អែកលើទីតាំងភូមិសាស្រ្តនេះទេ ទោះបីជាពួកគេបានទទួលប្រយោជន៍ពីកម្មវិធីពាណិជ្ជកម្មរបស់គេក៏ដោយ។ ↘ ការកំណត់គោលដៅភូមិសាស្រ្តទាមទារឲ្យយុទ្ធនាការធ្វើការជ្រើសរើសតំបន់ណាដែលត្រូវដាក់បញ្ចូល និងដកចេញក្នុងកិច្ចខិតខំនៅក្នុងការបញ្រ្ជបនយោបាយ ដែលធ្វើឲ្យកាន់តែមានហានិភ័យនៃការដកចេញនូវក្រុមណាខ្លះចេញពីដំណើរការប្រជាធិបតេយ្យតែម្តង។ សេវាមួយចំនួនកំណត់ ‘តំបន់ដែលសំខាន់ខ្លាំង’ ធ្វើឲ្យមានចម្ងល់ថាតើសេវាដូចគ្នាទាំងនេះធ្វើដូចម្តេចចំពោះតំបន់ ‘មិនសំខាន់’។១៤ រីឯសេវាផ្សេងទៀតបានគូសបញ្ជាក់ពីសារៈសំខាន់ដែល ‘ស្ថាប័នមានសមត្ថភាពក្នុងការបង្កើតក្រុមដែលជម្នះ ដើម្បីធានាថាសាររបស់ពួកគេមិនបានទៅដល់ក្រុមប្រជាជនមួយ’ ធ្វើឲ្យមានសំនួរទាក់ទងនឹងរបៀបដែលការកំណត់ទីតាំងភូមិសាស្រ្តអាចត្រូវបានប្រើប្រាស់ដើម្បីការគាបសង្កត់ទៅលើអ្នកបោះឆ្នោត ឬការមិនរាប់បញ្ចូលពួកគេ។១៥ ↘ បច្ចេកទេសផ្អែកតាមទិន្នន័យទីតាំងភូមិសាស្រ្តតែងតែត្រូវបានប្រើប្រាស់ក្នុងមធ្យោបាយដ៏ចម្រូងចម្រាស។ ស្រ្តីដែលទៅគ្លីនិកដើម្បីរំលូតកូននៅក្នុងទីក្រុងមួយចំនួននៅសហរដ្ឋអាមេរិក (រួមមានទីក្រុងញូវយ៉ក New York, St. Louis និង Pittsburgh) ត្រូវបានគេកំណត់គោលដៅជាមួយការផ្សព្វផ្សាយដែលប្រើការកម្រិតទីតាំងភូមិសាស្រ្ត(geofencing)ពីសកម្មជនប្រឆាំងការរំលូតកូន។១៦ របាយការណ៍ពីក្រុមហ៊ុនច្បាប់ដែលបានបញ្ជូនការផ្សព្វផ្សាយទៅឲ្យអ្នកជម្ងឺនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ក៏ត្រូវបានចងក្រងទុកជាឯកសារផងដែរ។១៧ មធ្យោបាយនៅក្នុងការកំណត់គោលដៅទីតាំងភូមិសាស្រ្តបែបនេះ អាចត្រូវបានប្រើប្រាស់ក្នុងគោលបំណងដែលគួរឲ្យសង្ស័យពាក់ពន្ធ័នឹងក្រមសីលធម៍ និងជាកម្មវត្ថុនៃការត្រួតពិនិត្យតិចតួចបំផុត។

១ Allison Schiff, ‘មគ្គុទេសក៍ទីតាំងទិន្នន័យរបស់អ្នកទីផ្សារ’, AdExchanger, ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧, https://adexchanger.com/mobile/2017-marketers-guide.

២ ‘ការតាមដានទីតាំងនិងបញ្ហាទាក់ទងនឹង “ការជ្រើសរើសចូល”’, Ad Age, ចូលមើលនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨, June 2018, https://adage.com/article/digital/mobile-location-troubleopting/ 306121/.

៣ Andrew Blankstein, ‘កម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុនឧត្តុនិយមទទួលរងពាក្យបណ្តឹងជុំវិញការអះអាងថាបានលក់ ទិន្នន័យទីតាំង’, ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩, https://www.nbcnews.com/tech/tech-news/weather-channel-sued-over-claims-it-sold-location-data-its-n954706.Original source, www.theweathercompany.com/newsroom/2014/08/19/weather-channel-partners-jumptap-national-election-advertising.

៤ Andrew Gwynne, ‘លោកស្រី ថេរេសា​មេ ​មាន Snap Election ប៉ុន្តែពួកយើងនៅគណបក្សការងារមានSnapchat។ គ្មានការប្រកួតប្រជែង | Andrew Gwynne’, The Guardian, ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧, ផ្នែក. មតិយោបល់, https://www.theguardian.com/commentisfree/2017/jun/15/ theresa-may-snap-election-labour-snapchat-campaigning.

៥ ‘ពាក់កណ្តាលឆ្នាំ២០១៨៖ ហ្វេសប៊ុក, Snapchat និង Lyf បានផ្តួចផ្តើមគំនិតក្នុងការទៅបោះឆ្នោត’, usatoday, ចូលមើលនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩, http://www.usatoday.com/story/news/ politics/elections/2018/10/20/tech-companies-social-media-voterinitiatives/1592854002/.

៦ ‘DSPolitical International’, DSPolitical, ចូលមើលនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩, https://www.dspolitical.com/worldwide/.

៧ ‘គណបក្សប្រជាធិបតេយ្យសេរីគឺជាគណបក្សដំបូងគេដែលប្រើប្រាស់ទីតាំងភូមិសាស្ត្រអាយភី (IP Geolocation)’, Digital Element (ប្លក់) ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥, https://www.digitalelement.com/liberal-democratsare-the-first-party-to-use-ip-geolocation-to-engage-voters-ahead-of-generalelection-

៨ Kashmir Hill, ‘តើសមាជិកព្រឹទ្ធសភាម្នាក់ប្រើការផ្សព្វផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុកដើម្បីជះឥទ្ធិពលដល់និយោជិកនៅក្នុងអាគារ D.C មួយយ៉ាងដូចម្តេច?’, Splinter, ចូលមើលនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩, https://splinternews.com/how-a-senator-used-facebook-ads-to-influenceemployees- 1793856310.

៩ ‘El Toro LLC បានធ្វើកិច្ចសន្យានៅក្នុងយុទ្ធនាការឃោសនារបស់លោក David Granger សម្រាប់តំណែងជាប្រធានាធិបតីប្រទេសហ្គីយ៉ាន’, Louisville Business First, ចូលមើលនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩, https://www.bizjournals.com/louisville/blog/2015/06/louisville-startup-help-client-win-Guyana.html.

១០ ‘ការផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថលនយោបាយ៖ ផ្សព្វផ្សាយពាណិជ្ជកម្មតាមឌីជីថលជាមួយការកំណត់គោលដៅ អាយភីនយោបាយ’, El Toro (ប្លក់), ចូលមើលនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩, https://www.eltoro.com/ political-digital-advertising/

១១ ‘Liegey Muller Pons’, Liegey Muller Pons, ចូលមើលនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩, https://www.liegeymullerpons.fr/en

១២ 'ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៧៖ ការមកដល់នូវការកំណត់គោលដៅសុន្ទរកថានយោបាយ នៅក្នុងនយោបាយរបស់ប្រទេសបារាំង’, ចូលមើលនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩, https: // ourdataourself.tacticaltech.org/media/ttc-influence-industry-france.pdf

១៣ Courtney Wilson, ‘យុទ្ធនាការឃោសនាប្រធានាធិបតីបារាំងនាំទៅរកជ័យជំនះតាមរយៈការប្រើប្រាស់អេអាយទំហំភូមិសាស្រ្ត (Geospatial AI)’, ចូលមើលនៅថ្ងៃទី ២៧ ខែកុម្ភៈ​ ឆ្នាំ ២០១៩, https://blog.cloudfactory.com/french-presidential-campaign-geospatial-ai

១៤ RickRedding, ‘El Toro របស់ Louisville ជួយគណបក្សប្រឆាំងឈ្នះនៅក្នុងការបោះឆ្នោតនៅប្រទេសហ្គីយ៉ាន, Louisville KY, ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥, http://louisvilleky.com/louisvilles-el-toro-helpsopposition-win-in-guyana-election/

១៥ ‘Partner Spotlight៖ សំណួរនិងចម្លើយជាមួយ Factual’, The Trade Desk, ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦, https://www.thetradedesk.com/blog/partner-spotlight-q-a-with-factual.

១៦ ‘ក្រុមប្រឆាំងនឹងជម្រើសក្នុងការរំលូតកូនប្រើការឃ្លាំមើលតាមទូរស័ព្ទស្មាតហ្វូនដើម្បីកំណត់គោលដៅលើ “ស្ត្រីដែលមានគំនិតក្នុងការរំលូតកូន” នៅពេលទៅគ្លីនិកពិនិត្យសុខភាព’, Rewire.News, ចូលមើលនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩, https://rewire.news/article/2016/05/25/anti-choice-groupsdeploy-smartphone-surveillance-target-abortion-minded-women-clinicvisits/

១៧ ‘ដេញតាមរថយន្តសង្គ្រោះបន្ទាន់ឌីជីថល? ក្រុមហ៊ុនច្បាប់ផ្ញើការផ្សព្វផ្សាយពាណិជ្ជកម្មទៅកាន់ទូរស័ព្ទរបស់អ្នកជំងឺនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់’, ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨, https://www.npr.org/sections/healthshots/2018/05/25/613127311/digital-ambulance-chasers-law-firmssend-ads-to-patients-phones-inside-ers