បញ្ជីអ្នកបោះឆ្នោត៖ ទិន្នន័យនយោបាយអំពីអ្នក

តើអ្វីជាបញ្ជីអ្នកបោះឆ្នោត?

បញ្ជីអ្នកបោះឆ្នោតគឺជាគណនីអ្នកបោះឆ្នោតម្នាក់ៗ ដែលបានប្រមូលចូលក្នុងមូលទិន្នន័យសម្រាប់បម្រើឲ្យយុទ្ធនាការឃោសនានយោបាយ។ ក្នុងទម្រង់ជាមូលដ្ឋានបញ្ជីអ្នកបោះឆ្នោតគឺជាបញ្ជីឈ្មោះរបស់ប្រជាជនដែលមានសក្តានុពលចូលរួមក្នុងការបោះឆ្នោតណាមួយ។ ទិន្នន័យនេះអាចបញ្ចូលជាមួយព័ត៌មានលម្អិតបន្ថែម ទៀតដូចជាទំនាក់ទំនងជាមួយនឹងគណបក្ស ឫប្រវត្តិនៃការចុះ ឈ្មោះ។ ខណៈពេលដែលបញ្ជីអ្នកបោះឆ្នោតមានភាពខុសៗគ្នា អាចអាស្រ័យលើអ្នកបង្កើតវា ដែលអាចជាអ្នករៀបចំរដ្ឋបាលបោះឆ្នោត ក្រុមហ៊ុនពាណិជ្ជកម្ម ឫ គណបក្សនយោបាយ ដែលពួកគេជារឿយមានព័ត៌មានដែល អាចប្រើប្រាស់បានជាសាធារណៈ បូកបញ្ចូលជាមួយនឹង ទិន្នន័យពិស្តារដែលដកស្រង់ចេញពីប្រភពនានាខាងក្រៅ និងការស្ទង់មតិប្រជាជន។ ខណៈដែលរដ្ឋាភិបាលប្រើបញ្ជីអ្នកបោះឆ្នោតសម្រាប់ការគ្រប់គ្រង អ្នកដែលមានសិទ្ធិបោះឆ្នោត, គណបក្សនយោបាយជាញឹកញាប់មានការសហការជាមួយអ្នកពិគ្រោះយោបល់ឌីជីថល ឬឈ្មួញកណ្តាលទិន្នន័យដែលប្រើព័ត៌មាននេះនៅក្នុងយុទ្ធសាស្រ្ត យុទ្ធនាការឃោសនារបស់ពួកគេ។ បញ្ជីអ្នកបោះឆ្នោតផ្តល់នូវ មូលដ្ឋានដ៏ល្អ ដើម្បីគណនាពីការគាំទ្រសម្រាប់បេក្ខជន ឬបុព្វហេតុ នយោបាយ ក៏ដូចជាដើម្បីជួយកំណត់ អត្តសញ្ញាណអ្នកគាំទ្រ និង កំណត់គោលដៅលើអ្នកបោះឆ្នោត ដែលមិនទាន់សំរេចចិត្ត ដើម្បីផ្លាស់ប្តូរការគិត និងក្នុងចំណោមការប្រើប្រាស់ផ្សេង ទៀត។ ព័ត៌មានទំនាក់ទំនងរបស់អ្នកបោះឆ្នោតក៏ចូលរូមសំខាន់ ផងដែរនៅក្នុងការផ្ញើរសារក្នុងយុទ្ធានាការ ពីព្រោះវា ត្រូវបានប្រើជាការផ្តួចផ្តើមគំនិត «ចេញ ទៅបោះឆ្នោត» ដើម្បីគៀងគរអ្នកស្ម័គ្រចិត្ត និងការ បរិច្ចាគព្រមទាំងជូនដំណឹង និងប្រមែប្រមូលអ្នកគាំទ្រ។ តម្លៃនៃបញ្ជីអ្នកបោះឆ្នោតដែលប្រៀបបានដូចជាទ្រព្យសកម្ម សម្រាប់យុទ្ធនាការឃោសនាបានកើនឡើងគួរឱ្យកត់សម្គាល់ដោយសារតែការរីកចម្រើននូវវិធីសាស្រ្តក្នុងការប្រមូល ការវិភាគ និងការប្រើ ប្រាស់ទិន្នន័យបុគ្គលក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បញ្ជីអ្នកបោះឆ្នោតបានទទួល ផលប្រយោជន៍ពីទីផ្សារសម្រាប់ទិន្នន័យបុគ្គល និងត្រូវបានធ្វើឱ្យ ប្រសើរឡើងដោយប្រភពទិន្នន័យដែលមានសារៈសំខាន់ជាជាងព័ត៌មានមូលដ្ឋានទូទៅដែលបានប្រមូលពីបញ្ជី រាយនាមបោះឆ្នោតតាមតំបន់។ ទិន្នន័យ បន្ថែមនេះជួយ យុទ្ធនាការឃោសនាឲ្យយល់បានកាន់តែច្បាស់ពីបែបបទ ប្រជាសាស្ត្រនិងទម្លាប់បោះឆ្នោតរបស់បុគ្គលនីមួយៗ។ ចំណុចទិន្នន័យបន្ថែមទៀត អាចត្រូវបានប្រើដើម្បីបង្កើតធាតុផ្សំគណនីដែលមានលក្ខណៈផ្ទាល់ខ្លួន ដែលមានសារប្រយោជន៍សម្រាប់ការវិភាគព្យាករណ៍ក្នុង យុទ្ធនាការឃោសនា។ នេះរួមបញ្ចូលទាំងការតាមដានចំនួនអ្នក បោះឆ្នោត កាលពីអតីតកាល និងសម្ព័ន្ធភាពគណបក្សរហូតដល់សន្ទស្សន៍ អារម្មណ៍របស់ពួកគេ និងប្រើប្រាស់ទិន្នន័យហិរញ្ញវត្ថុ ដែលពាក់ព័ន្ធ ដូចជារបាយការណ៍ឥណទាន ទិន្នន័យអ្នកប្រើប្រាស់ និង សូចនាករសេដ្ឋកិច្ចសង្គមផ្សេងទៀត។១ ព័ត៌មានបន្ថែមផ្សេងទៀតក៏ជួយយុទ្ធនាការឃោសនានយោបាយ ដើម្បីរៀបចំសារឲ្យត្រូវនឹងផលប្រយោជន៍បុគ្គលរបស់អ្នកបោះឆ្នោត។ ដើម្បីបង្ហាញពីធាតុផ្សំនៃទិន្នន័យដែលផ្តល់ដោយឈ្មួញកណ្តាលបញ្ជីអ្នកបោះឆ្នោត ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឈ្មោះ HaystaqDNA បានផ្តល់នូវបញ្ជី “ត្រូវតែមាន” នៃបញ្ហានយោបាយដែលពួកគេអះអាងថា ទិន្នន័យរបស់ពួកគេអាច ដោះស្រាយបញ្ហាបានសម្រាប់អ្នកបោះឆ្នោតម្នាក់ៗ។ ទាំងនេះរួម បញ្ចូលទាំងបញ្ហាសំខាន់ៗទាន់ហេតុការណ៍ដូចជាការ អនុម័តរបស់ប្រធានាធិបតី និងគោលនយោបាយអន្តោប្រវេសន៍ ការគាំទ្រដល់ក្រុមសកម្មជន និង ចលនាដូចជា ជនជាតិស្បែកខ្មៅនៅមានជីវិត (Black Lives Matter) ឫ កំលាំងចលករ ក៏ដូចជាទំលាប់របស់អតិថិជនដូចជា អ្នកប្រើប្រាស់យានជំនិះរួមគ្នា។២ វិសាលភាពនៃចំណូលចិត្តរបស់អ្នកបោះឆ្នោតដែលផ្តល់ជូនដោយ HaystaqDNA មិនត្រឹមតែ បង្ហាញពីបៀបដែលបញ្ជីអ្នកបោះឆ្នោតអាចស្ទង់នូវចំនុចដ៏ប្រសើរនៃអារម្មណ៍របស់អ្នកបោះឆ្នោតតែប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញឧទាហរណ៍ពីការផ្លាស់ប្តូរសមាសភាពបញ្ជីអ្នកបោះឆ្នោត ដែលទិន្នន័យទាំងនោះលែង បង្កើតឡើងជាចម្បងដោយគណបក្សនយោបាយទៀតហើយ តែដោយឈ្មួញកណ្តាលទិន្នន័យ និងអ្នកពិគ្រោះយោបល់ឌីជីថល ផងដែរ ដែលពួកគេភាគច្រើនមានជំនាញខាងទិន្នន័យនយោបាយ។ ឧទាហរណ៍ ឈ្មួញកណ្តាលទិន្នន័យមួយឈ្មោះ NationBuilder ផ្តល់ជូនទិន្នន័យអ្នកបោះឆ្នោតដោយឥតគិតថ្លៃ ដែលមានអ្នកបោះឆ្នោតចំនួន១៩០លាននាក់នៅក្នុងសហរដ្ឋអាមេរិករួមបញ្ចូលទាំងលេខទូរស័ព្ទ អាសយដ្ឋាន ប្រវត្តិអ្នកបោះឆ្នោត និងពេលខ្លះមានអាសយដ្ឋានអ៊ីមែល ដែលប្រមូលពីការិយាល័យបោះឆ្នោតនានាដើម្បីបានថ្លៃឈ្នួល ច្រើនគួរសមមុនពេលដែលក្រុមហ៊ុនធ្វើឲ្យទិន្នន័យទាំងនោះមាន លក្ខណៈស្តង់ដារ និងប្រសើរជាងមុន។ ពួកគេបានអះអាងថា ការកែតម្រូវបន្តិចបន្តួចនេះអនុញ្ញាតឱ្យពួកគេ ផ្តល់ជូននូវប្រវត្តិបោះឆ្នោតកាន់តែស៊ីជម្រៅដែលតាមដានការចូលរួមរបស់អ្នកបោះឆ្នោត នៅក្នុងគ្រប់ប្រភេទនៃការបោះឆ្នោត តាំងពីក្លឹបបាល់ទាត់រហូតដល់រដ្ឋសភា។៣

image-1-voter-files

រូបភាពស្គ្រីននេះយកចេញពី GitHub ​ដែលបង្ហាញពីព័ត៌មានផ្សេងៗ ទាក់ទងនឹងទិន្នន័យចុះឈ្មោះរបស់អ្នកបោះឆ្នោតនៅសហរដ្ឋអាមេរិក។


ប្រភព៖ https://github.com/pablobarbera/voter-files/blob/master/README.md, accessed 11 March 2019.

តើពួកគេបានទិន្នន័យមកពីណា?

គណបក្សនានាអាចបង្កើតបញ្ជីអ្នកបោះឆ្នោតរបស់ខ្លួនពីប្រភពធំៗ ចំនួនបួន៖ ការចុះឈ្មោះបោះឆ្នោត ការស្ទង់មតិមហាជន និងការ ស្ទង់មតិ ការចុះឈ្មោះសមាជិកភាពគណបក្ស ទិន្នន័យសាធារណៈ លើអនឡាញ ឬ ក្រុមហ៊ុនឈ្មួញកណ្តាលទិន្នន័យពាណិជ្ជកម្ម។ ↘ កំណត់ត្រាការចុះឈ្មោះអ្នកបោះឆ្នោត៖ ទិន្នន័យនេះអាចប្រមូលពីការចុះឈ្មោះ អ្នកបោះឆ្នោតដែលរក្សាទុកដោយក្រុមការងារ បោះឆ្នោតថ្នាក់ស្រុកទុកជាកំណត់ត្រាអំពីអ្នកដែលចុះឈ្មោះដើម្បី បោះឆ្នោត។ ឧទាហរណ៍ ក្នុងចក្រភពអង់គ្លេស មន្រ្តីចុះឈ្មោះ មូលដ្ឋានរក្សាទុកការចុះឈ្មោះពីរប្រភេទគឺការចុះឈ្មោះបោះឆ្នោត និងការចុះឈ្មោះដែលបើកទូរលាយ។៤ បុគ្គលិកបោះឆ្នោត គណបក្សនយោបាយ បេក្ខជន និង មន្រ្តីជាប់ឆ្នោត អាចចូលមើលទិន្នន័យនេះដើម្បីគោលបំណងនៃការបោះឆ្នោត។ មុនការបោះឆ្នោត ឫ ប្រជាមតិ ការចុះឈ្មោះត្រូវបានផ្ញើទៅឲ្យយុទ្ធនាការឃោសនាផ្លូវការដើម្បីជា ប្រយោជន៍ក្នុងការផ្សព្វផ្សាយពីកម្មវិធីប្រូម៉ូសិន។៥ ការចុះឈ្មោះដែលបើកទូរលាយ ដែលពលរដ្ឋអាចជ្រើសរើសមិនចូលរួមបាននោះ អាចត្រូវបានទិញដោយ អ្នកណាក៏បាន ដោយក្រុមហ៊ុន ឫស្ថាប័នទោះជាក្នុងហេតុផលណាក៏ដោយ។៦ ទិន្នន័យស្រដៀងគ្នានេះផងដែរ បានដាក់ឲ្យប្រើប្រាស់ក្នុងប្រទេសជាច្រើនខុសៗគ្នាអាស្រ័យទៅតាមច្បាប់ជាតិការពារទិន្នន័យរបស់ប្រទេសនីមួយៗ។ ↘ ការស្ទង់មតិមហាជន ឬការស្ទង់មតិ៖ ទិន្នន័យនេះបានប្រមូលតាមវិធីសាស្រ្តស្ទង់មតិ មានតាំងពីការស្ទង់មតិធម្មតាតាមអនឡាញ និង កម្មវិធីទូរសព័្ទនយោបាយរហូតដល់ទៅវិធីសាស្រ្តដែលចំណាយ កំលាំងពលកម្មច្រើន ដូចជាកម្មវិធីធនាគារតាមទូរស័ព្ទ ឬការស្ទង់មតិតាមផ្ទះនីមួយៗ។ ការកើនឡើងនៃការទំនាក់ទំនងទៅកាន់អ្នក បោះឆ្នោត តាមរយៈការទូរស័ព្ទដែលពឹងលើបចេ្ចកវិទ្យា ដូចជាការតេរទូរស័ព្ទស្វ័យប្រវត្តិជាដើម។ អ្នកស្មគ្រចិត្តនឹងអនុវត្តតាមអត្ថបទស្រ្គីប និងសួរទៅកាន់បុគ្គលម្នាក់ៗ ពីទំនោររបស់ពួកគេលើគណបក្សនយោបាយ ឫប្រសិនជាក្នុងកំឡុងពេលប្រជាមតិ គឺគេសួរពីយោបល់ទាក់ទងនឹងសំនួរនៃ ការបោះឆ្នោតប្រជាមតិនោះដូចជា ការធ្វើឲ្យកញ្ឆាមានភាពស្របច្បាប់ជាដើម។ បន្ទាប់មក ការឆ្លើយតបទាំងនោះនឹងត្រូវបានកំត់ត្រាទុកដែលភាគច្រើនគឺកត់ត្រាដោយប្រើប្រាស់កម្មវិធីស្ទង់មតិ។ ពួកគេក៏អាចដាក់ពិន្ទុតាមរង្វាស់ផ្សេងទៀត ដូចជា ’សមត្ថភាពបញ្ចុះបញ្ចូល’ ដោយផ្អែកលើអន្តរកម្មរបស់ពួកគេ។
↘ ឈ្មួញកណ្តាលទិន្នន័យ៖ ក្រុមឈ្មួញកណ្តាលទិន្នន័យប្រមូលទិន្នន័យអ្នកបោះឆ្នោត និងបង្កើតជាគណនីអ្នកបោះឆ្នោតតាមរយៈវិធីផ្សេងៗដូចជា៖ មូលទិន្នន័យការបោះឆ្នោតដែលបានបង្ហាញខាងលើការស្ទង់មតិ និងពីទិន្នន័យពាណិជ្ជកម្ម។ ឈ្មួញកណ្តាលទិន្នន័យ ជារឿយៗ ផ្តល់ជូនសេវាកម្មផ្សេងទៀតសម្រាប់គណបក្សនយោបាយដូចជាការស្ទង់មតិដើម្បីគ្រប់គ្រង ប្រមូលទិន្នន័យរបស់ពួកគេ ដែលគេហៅវាថាជាប្រព័ន្ធគ្រប់គ្រង ទំនាក់ទំនងអតិថិជន ឬអ្នកបោះឆ្នោត។ ក្រៅពីការបង្កើនប្រសិទ្ធិភាពនៃការប្រើប្រាស់ទិន្នន័យសាធារណៈដើម្បីប្រើក្នុងយុទ្ធនាការឃោសនា ក្រុមហ៊ុន NationBuilder ថែមទាំងអាចធានាបានថា មូលទិន្នន័យ មានទិន្នន័យថ្មីៗបំផុត និងអាចបង្កើនមូលដ្ឋានព័ត៌មានអ្នកបោះឆ្នោតជាមួយទិន្នន័យពាណិជ្ជកម្មបន្ថែមដូចជា ព័ត៌មានហិរញ្ញវត្ថុ ឫចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍។៧ អ្នកផ្តល់សេវាមួយទៀតគឺ L2 ផ្តល់ជូនទិន្នន័យមូលដ្ឋាន ដូចជាមុខរបរ ភាសាដើម និងការយល់ ឃើញលើបញ្ហានយោបាយ សំខាន់ៗនៅសហរដ្ឋអាមេរិក ដូចជាអាពាហ៍ពិពាហ៍ភេទដូចគ្នា និងការគ្រប់គ្រងកាំភ្លើង។៨ ↘ សមាជិកគណបក្សនយោបាយ៖ នៅក្នុងប្រទេសជាច្រើន គណបក្សនយោបាយរក្សាទុកការចុះឈ្មោះសមាជិកនៃគណបក្សរបស់ពួកគេ។ ក្រៅតែពីព័ត៌មានទំនាក់ទំនង ប្រវត្តិអាចរាប់បញ្ចូលនូវរយៈពេលនៃសមាជិកភាពរបស់ សមាជិកម្នាក់ៗនៅក្នុងគណបក្ស កំណត់ត្រាការបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំគណបក្ស ប្រវត្តិនៃការស្ម័គ្រចិត្ត សម្រាប់គណបក្ស និងការបរិច្ចាគ។ គណបក្សជាច្រើនអាចប្រើឧបករណ៍បច្ចេកវិទ្យាផ្សេងៗដើម្បីភ្ជាប់ទំនាក់ទំនងជាមួយសមាជិកក្នុងគោលបំណងជាក់លាក់ដើម្បីប្រមូលទិន្នន័យ បន្ថែមពីពួកគេ តាមរយៈកម្មវិធីស្ទង់មតិតាមទូរស័ព្ទ ឬការស្ទង់មតិលើបណ្តាញសង្គម។ នៅក្នុងប្រទេសមួយចំនួនដូចជាប្រទេសកេនយ៉ា ទិន្នន័យនេះត្រូវតែចែករំលែកទៅឲ្យរដ្ឋាភិបាល៩ ចំណែកឯប្រទេសផ្សេងទៀតដូចជា ចក្រភពអង់គ្លេស គឺអាស្រ័យលើគណបក្ស ប្រសិនបើពួកគេចង់ផ្សព្វផ្សាយទិន្នន័យ ឬស្ថិតិពីទិន្នន័យ។១០

image-2-voter-files

រូបភាពស្គ្រីនមួយនេះយកចេញពីគេហទំព័រនៃក្រុមហ៊ុនទិន្នន័យមួយឈ្មោះថា HaystaqDNA ដែលបង្ហាញពីគំរូមួយនៃទិន្នន័យនយោបាយអំពីអ្នកបោះឆ្នោតដែលពួកគេបានផ្តល់ឲ្យ។


ប្រភព៖ https://haystaqdna.com/politicalhq/, accessed 19 February 2019.

ឧទាហរណ៍

នៅប្រទេសឈីលី៖ ការចុះឈ្មោះបោះឆ្នោតនៅប្រទេសឈីលីគឺ អាចស្វែងរកបានដោយសេរីនៅលើប្រព័ន្ធអនឡាញជាទម្រង់ PDF បន្ទាប់ពីសេវាកម្មបោះឆ្នោតនៅក្នុងប្រទេសឈីលីបានប្រកាសថា វាគួរតែត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ មូលដ្ឋានទិន្នន័យ មានព័ត៌មានជនជាតិឈីលីទាំងអស់ ដែលមានអាយុលើសពី១៧ឆ្នាំ។ ស្របតាមស្តង់ដារបញ្ជីឈ្មោះបោះឆ្នោត ទិន្នន័យនេះរួមមានឈ្មោះ លេខបោះឆ្នោតតែមួយគត់ ភេទ និងអាសយដ្ឋាន។ ទោះបីជាច្បាប់បានហាមឃាត់រាល់ការធ្វើពាណិជ្ជកម្មមូលទិន្នន័យក្តី ក៏វានៅតែមានចំនុចខ្វះខាតមួយចំនួនទៀតផងដែរ។ កង្វល់ទាក់ទង នឹងបញ្ហាឯកជនភាពត្រូវបានលើកឡើងដើម្បីឆ្លើយតបនឹង ការចេញផ្សាយនូវព័ត៌មានទាំងនេះ ដោយសារតែ កង្វះសន្តិសុខជុំវិញព័ត៌មាននេះ និងភាពងាយស្រួលក្នុង ការបង្កើតមូលទិន្នន័យបន្ថែមទៀត។១១ លើសពីនេះទៅទៀត ច្បាប់ឯកជនភាពរបស់ឈីលី មិនត្រូវបានពង្រឹងនៅក្នុងវិស័យផ្សេងៗទៀតនោះទេ។ ក្រុមអ្នកធ្វើយុទ្ធនាការឃោសនា នយោបាយណា ក៏អាចប្រើប្រាស់ព័ត៌មាននេះជាមូលដ្ឋានគ្រឹះដើម្បី ធ្វើឯកសារបោះឆ្នោតរបស់ពួកគេបានដែរ។១២

នៅប្រទេសកេនយ៉ា៖ មានប្រភពផ្សេងៗ ដើម្បីជួយគណបក្ស នយោបាយនិងបេក្ខជននៅប្រទេសកេនយ៉ាដើម្បីបង្កើតបញ្ជីបោះឆ្នោតផ្ទាល់ខ្លួន។ ក្នុងឆ្នាំ២០១៧ ការចុះឈ្មោះបោះឆ្នោតទ្រង់ទ្រាយធំ ត្រូវបានធ្វើឡើងដោយគណៈកម្មការបោះឆ្នោតឯករាជ្យ និងព្រំដែន (IEBC)។១៣ អ្នកបោះឆ្នោតត្រូវបង្ហាញ អត្តសញ្ញាណប័ណ្ណ ស្នាមម្រាមដៃនិងថតរូបនៅការិយាល័យបោះ ឆ្នោតប្រចាំតំបន់។ បន្ទាប់មក ការចុះឈ្មោះនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ ជាទូទៅជាត្រូវបានព្រីនចេញ និងដាក់នៅកន្លែងណា មួយដែលជាចំណុចកណ្តាលនៃកន្លែងបោះឆ្នោតនីមួយៗក្នុងតំបន់។ ប្រសិនបើបេក្ខជននយោបាយចង់បានទិន្នន័យមុន ពួកគេអាចចំណាយសម្រាប់វា។ ជម្រើសនេះមានប្រយោជន៍ជា ពិសេសនៅពេលដែលការចេញផ្សាយជាចំហ ត្រូវបានពន្យារពេលជាច្រើនខែ ហើយទម្រាំតែពេលចេញផ្សាយនោះ ឃើញថាលេចឡើងនូវកំហុសជាច្រើន។១៤ ប្រទេសកាណាដា៖ គណបក្សនយោបាយនៅប្រទេសកាណាដាត្រូវបានលើកលែងដោយច្បាប់ស្តីពីឯកជនភាព។ តាមរយៈនេះគណបក្សនយោបាយនីមួយៗអាចរក្សាទុកបញ្ជីអ្នកបោះឆ្នោត ដោយមិនចាំបាច់អនុលោមតាមច្បាប់ដូចគ្នាផ្សេងទៀតដែល បញ្ញត្តិអំពីការប្រមូលទិន្នន័យអាជីវកម្ម។១៥ តាមរយៈការពង្រីកប្រភពទិន្នន័យទាំងនេះ និងការពង្រឹងការ វិភាគឲ្យកាន់តែល្អប្រសើរ គណបក្សទាំងឡាយបានបែងចែកក្រុមអ្នកបោះឆ្នោតទៅតាមប្រភេទដូចជា អ្នកគាំទ្រ អ្នកមិនគាំទ្រ ឫអ្នកមិនទាន់សម្រេចចិត្ត។ ជាឧទាហរណ៍ គណបក្សអភិរក្សនិយមរបស់ប្រទេសកាណាដាប្រើទិន្នន័យនេះដើម្បីបង្កើតកម្រិតពី -១៥ ដល់ +១៥ ដើម្បីវាយតំលៃកម្រិតគាំទ្ររបស់បុគ្គលដែលគាំទ្រពួកគេ ខណៈដែលគណបក្សសេរីនិយមមានប្រព័ន្ធដែលរៀបជាចំណាត់ថ្នាក់ពី១ (អ្នកគាំទ្រ) ដល់១០ (អ្នកដែលអាចជាក្រុមប្រឆាំង)។១៦ នៅក្នុងបរិយាកាសដែលមិនមានច្បាប់រឹតបណ្តឹង តម្លាភាពទាក់ទងនឹងទិន្នន័យអ្វីខ្លះដែលមានក្នុងមូលទិន្នន័យ ឬម៉ូឌែលអ្វីដែលគេប្រើដើម្បីវាយតម្លៃអត្រាចុងក្រោយបង្អស់នៃកម្រិតគាំទ្រនៅមានកម្រិតតិចតួចនៅឡើយនៅឡើយ។ ចក្រភពអង់គ្លេស៖ គណបក្សនិមួយៗក្នុងចក្រភពអង់គ្លេស រក្សាបញ្ជីអ្នកបោះឆ្នោតរបស់ខ្លួនផ្ទាល់ហើយវាមានភាពខុសៗគ្នាអាស្រ័យលើធនធាន និងអ្នកជំនាញបច្ចេកទេសរបស់គណបក្សរបស់ពួកគេ នីមួយៗ។ គណបក្សការងារមានសុសវែរមូលដ្ឋានទិន្នន័យរបស់បក្សដែលមានឈ្មោះថា អ្នកបង្កើតទំនាក់ទំនង (Contact Creator) ដែលមានទិន្នន័យដូចជាចំណូលចិត្ត ចំណាប់អារម្មណ៍ អាកប្បកិរិយាក្នុងការបោះឆ្នោត និងព័ត៌មាន សេដ្ឋកិច្ចសង្គម។១៧ Contact Creator រក្សាទុកទិន្នន័យដែលប្រមូលបានតាមរយៈទូរស័ព្ទ អ៊ីម៉ែល ឬការស្ទង់មតិតាមផ្ទះ។ មូលដ្ឋានទិន្នន័យរបស់ប្រជាធិបតេយ្យសេរីដែលមានឈ្មោះថា Connect ត្រូវបានបង្កើតដោយ NGP VAN ដែលជាអ្នកផ្តល់សុសវែរមូលដ្ឋានទិន្នន័យទៅឲ្យគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកផងដែរ។ បេក្ខជន និងគណបក្ស ទាំងអស់ដែលមានធនធានតិចតួចត្រូវបានគេរកឃើញថាកំពុងប្រើប្រាស់ប្រព័ន្ធជាសម្រង់ Excel ដែលមិនសូវជាទំនើបបង្កើតនិងគ្រប់គ្រង ដោយខ្លួនឯងដើម្បីរក្សាទុកព័ត៌មានអ្នកគាំទ្រ។១៨

ធ្វើយ៉ាងណាទើបខ្ញុំដឹងថា ខ្ញុំជាផ្នែកមួយនៅក្នុងបញ្ជីអ្នកបោះឆ្នោត?

វាពិតជាពិបាកខ្លាំងណាស់ ដើម្បីដឹងថាតើអ្នកត្រូវបានកត់ត្រាតាម រយៈណា ដោយតួអង្គ និងអង្គភាពផ្សេងៗដែលរក្សា ពង្រឹង និង ចែករំលែកបញ្ជីអ្នកបោះឆ្នោត។ វាជារឿងកម្រណាស់ដែលគណបក្សមានកាតព្វកិច្ចផ្សព្វផ្សាយនូវព័ត៌មានទាក់ទងនឹងទិន្នន័យទ្រព្យសកម្មរបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ មានប្រភពមួយចំនួនដែលអាចជាឯកសារយោងបាន ប្រសិនបើអ្នកចង់ពិនិត្យមើលថាតើព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នកត្រូវបានបង្ហាញយ៉ាងដូចម្តេចខ្លះ។ ប្រភពចម្បងគឺ ការចុះឈ្មោះបោះឆ្នោតទូទៅ។ ប្រទេសនីមួយៗមានបទប្បញ្ញត្តិផ្សេងៗគ្នាអំពី ការចុះឈ្មោះបោះឆ្នោត ប៉ុន្តែចំពោះប្រទេសដែលចេញផ្សាយជាសាធារណៈដូចជានៅប្រទេសឈីលី និងកេនយ៉ា ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការផ្ទៀងផ្ទាត់នូវទិន្នន័យ ផ្ទាល់ខ្លួនណាដែលអាចអាក់សេសបាន។ ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិកមានភាពស្រដៀងគ្នាក្នុងការដាក់ឲ្យប្រើជា សាធារណៈនូវព័ត៌មានមូលដ្ឋានរបស់អ្នកបោះឆ្នោតដែលបាន ចុះឈ្មោះ។ ការមើលឲ្យកាន់តែស៊ីជម្រៅលើទំនាក់ទំនងដែលទទួលបានពីស្ថាប័ននយោបាយ អាចផ្តល់នូវតម្រុយអំពីទិន្នន័យផ្ទាល់ខ្លួនណាខ្លះដែលត្រូវបានប្រមូល។ នេះរួមបញ្ចូលទាំងការបង្ហោះ និងអ៊ីមែលការសួរសុខទុក្ខពី ក្រុមអ្នកបញ្ចុះបញ្ចូលឲ្យគាំទ្របក្សរបស់ពួកគេ ទំនាក់ទំនងតាមទូរស័ព្ទ ឫការទូរស័ព្ទដោយស្វ័យប្រវត្តិពីស្ថាប័ននយោបាយ។

image-3-voter-files

រូបភាពស្គ្រីនមួយពីក្រុមហ៊ុន L2​ ដែលផ្តល់បណ្ដុំនៃព័ត៌មាននៃ អ្នកបោះឆ្នោតរួមមានទិន្នន័យទាក់ទងនឹងបែបបទនៃការរស់នៅ និងការយល់ឃើញទាក់ទងនឹងបញ្ហានយោបាយ។


https://www.l2political.com/products/data/voter-file-enhancements/, accessed 11 March 2019.

ចំនុចគួរពិចារណា

↘ បញ្ជីអ្នកបោះឆ្នោតអាចឲ្យគណបក្សនយោបាយយល់ពីរបៀបប្រើប្រាស់ធនធានដែលមានការកំណត់របស់ពួកគេ ដូចជាមូលដ្ឋានទិន្នន័យ របស់អ្នកបោះឆ្នោតដែលជួយកំណត់នូវសារមួយណា ដែលត្រូវផ្ញើរទៅកាន់បុគ្គលនីមួយៗ អាស្រ័យលើអាកប្បកិរិយានៃការគាំ ការប្រឆាំង ឬការមិនទាន់សម្រេចចិត្តជ្រើសរើសគណបក្សណាមួយរបស់បុគ្គលទាំងនោះ។ ↘ មូលដ្ឋានទិន្នន័យដែលកាន់តែមានភាពជាក់លាក់អាចជួយស្ថាប័ននយោបាយក្នុងការផ្តល់ព័ត៌មានទៅឲ្យអ្នកបោះឆ្នោត ទាក់ទងនឹងប្រយោជន៍ជាក់លាក់របស់អ្នកបោះឆ្នោតដូចជាការអប់រំ បរិស្ថាន ឫសុខមាលភាព។ ↘ បញ្ជីអ្នកបោះឆ្នោតជួយឲ្យគណបក្សនយោបាយវាយតម្លៃពីកម្រិតនៃភាពចម្រុះគ្នានៃសមាជិកភាពរបស់ពួកគេ និងផ្តោតលើសកម្មភាពផ្សព្វផ្សាយ ក្នុងតំបន់ណាដែលមានអ្នកតំណាងបក្សមិនគ្រប់គ្រាន់។ ↘បញ្ជីអ្នកបោះឆ្នោតក៏អាចជួយគណបក្សនយោបាយឲ្យយល់បានកាន់តែប្រសើរផងដែរអំពីសមាជិករបស់ពួកគេដើម្បីបង្កើតជាទីតាំងគោលនយោបាយផ្អែកតាមចំណាប់អារម្មណ៍របស់ប្រជាជនមូលដ្ឋាន ។ ↘ នៅពេលដែលមូលដ្ឋានទិន្នន័យអ្នកបោះឆ្នោតថ្នាក់ជាតិដាក់ឲ្យប្រើជាសាធារណៈសម្រាប់គណបក្សទាំងអស់ វាអាចជួយបង្កើតឲ្យមានការប្រកួតប្រជែងដ៏ស្មើរភាពមួយ តែទោះបីជាយ៉ាងណា ក៏គណបក្សនយោបាយដែលមានថវិការ ធនធាន និងអ្នកជំនាញបច្ចេកទេសច្រើនជាង នៅតែអាចបង្កើនព័ត៌មានមូលដ្ឋាននទាំងនេះ ព្រមទាំងប្រមូលនិងវិភាគទិន្នន័យដែលកាន់តែមានភាពឆ្លាតវៃ ដែលផ្តល់ឲ្យពួកគេនូវអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែង។ ↘ មូលដ្ឋានទិន្នន័យ មានតម្លៃថ្លៃ និងចំណាយពេលច្រើនដើម្បីធ្វើបច្ចុប្បន្នភាព។ ដូច្នេះ ទិន្នន័យទាំងនោះអាចមានកំហុស និងមានព័ត៌មាន ដែលប្រើការលែងបាន ដូចជាករណីចុះឈ្មោះអ្នកបោះឆ្នោតនៅប្រទេសកេនយ៉ា។១៩ នៅចក្រភពអង់គ្លេស គណបក្សការងារ និងគណបក្សអភិរក្សនិយម មានបញ្ហាទាក់ទងនឹង មូលទិន្នន័យរបស់ពួកគេដូចជាដំណើរការមិនប្រក្រតីជាបន្តបន្ទាប់ ឫក៏ការគាំងលែងដំណើរការ។២០ ↘ មានករណីជាច្រើនដែលធ្វើឲ្យបញ្ជីអ្នកបោះឆ្នោតបានលេចធ្លាយ (ឫក៏មានវិធីសាស្រ្តប្រមូលទិន្នន័យមិនស្របច្បាប់) ដែលផ្តល់ផលប៉ះពាល់អវិជ្ជមានទៅលើឯកជនភាពរបស់អ្នកបោះឆ្នោត។ ↘ មូលដ្ឋានទិន្នន័យ គឺជាទ្រព្យសកម្ម ដែលអាចមានភាពខុសគ្នាខ្លាំង រវាងគណបក្សនយោបាយនីមួយៗ។ វាអាចជាលទ្ធផលនៃភាពមិនស្មើរភាពក្នុងការប្រកួតប្រជែង ដែលមានផលអវិជ្ជមានលើ ថាមពលដាយណាមិកនៃប្រព័ន្ធប្រជាធិបតេយ្យ។

១ ‘Political HQ’, HaystaqDNA, ចូលមើលនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៩, https://haystaqdna.com/politicalhq/.

២ ‘Political HQ’, HaystaqDNA.

៣ NationBuilder, ‘ទិន្នន័យអ្នកបោះឆ្នោត និងឯកសារអ្នកបោះឆ្នោតជាតិរបស់ NationBuilder’ ចូលមើលនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៩, https://nationbuilder.com/voter_data_information.

៤ គណៈកម្មការរៀបចំការបោះឆ្នោត, 'តើការចុះឈ្មោះបោះឆ្នោតជាអ្វី?', ចូលមើលនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៩, https://www.electoralcommission.org.uk/faq/voting-and-registration/ what-is-the-electoral-register.

៥ Coventry City Council, 'ការចុះឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតបើកចំហ ការចុះឈ្មោះបោះឆ្នោត', ចូលមើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៩, http://www.coventry.gov.uk/ info/8/elections_and_voting/765/registering_to_vote/7.

៦ Coventry City Council, 'ការចុះឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតបើកចំហ | ចុះឈ្មោះដើម្បីបោះឆ្នោត', ចូលមើលនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៩ http://www.coventry.gov.uk/

៧ NationBuilder, ‘ទិន្នន័យអ្នកបោះឆ្នោត និងឯកសារអ្នកបោះឆ្នោតជាតិរបស់ NationBuilder’.

៨ L2, ‘ទិន្នន័យ៖ ការបង្កើនឯកសារអ្នកបោះឆ្នោត’, ចូលមើលនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៩, https://www.l2political.com/products/data/voter-fileenhancements/.

៩ Grace Mutung’u, 'កេនយ៉ា៖ ទិន្នន័យ និងយុទ្ធនាការឃោសនាបោះឆ្នោតតាមឌីជីថល', Tactical Tech, ឆ្នាំ ២០១៨, ចូលមើលនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៩, https://ourdataourselves.tacticaltech.org/posts/overview-kenya/.

១០ Noel Dempsey, ‘សមាជិកភាពនៃគណបក្សនយោបាយនៅចក្រភពអង់គ្លេស’, សភាចក្រភពអង់គ្លេស, ២០១៨, Numbre SN05125, ចូលមើលនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៩, https://researchbriefings.pchester.uk/ResearchBriefing/Summary/SN05125.

១១ Privacy International, ‘ស្ថានភាពឯកជនភាពនៅប្រទេសឈីលី, Privacy International, ខែមករា ឆ្នាំ ២០១៩, ចូលមើលនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩, https://privacyinternational.org/state-privacy/28/state-privacy-chile.

១២ Raquel Rennó, 'ឈីលី៖ ចំនួនអ្នកទៅបោះឆ្នោត និងការកំណត់គោលដៅភូមិសាស្ត្រ', Tactical Tech, ឆ្នាំ ២០១៨, ចូលមើលនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៩, https://ourdataourselves.tacticaltech.org/posts/overview-chile/.

១៣ Grace Mutung’u, 'កេនយ៉ា៖ ទិន្នន័យ និងយុទ្ធនាការឃោសនាបោះឆ្នោតតាមឌីជីថល'.

១៤ Grace Mutung’u, 'កេនយ៉ា៖ ទិន្នន័យ និងយុទ្ធនាការឃោសនាបោះឆ្នោតតាមឌីជីថល'.

១៥ Colin Bennett និង Robin Bayley, ‘ការវិភាគទិន្នន័យនៅក្នុងការបោះឆ្នោតនៅប្រទេសកាណាដា’, Tactical Tech, ឆ្នាំ ២០១៨, ចូលមើលនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៩, https: // ourdataourelf.tacticaltech.org/posts/overview-canada/.

១៦ Colin Bennett និង Robin Bayley, ‘ការវិភាគទិន្នន័យនៅក្នុងការបោះឆ្នោតនៅប្រទេសកាណាដា’.

១៧ គណបក្សការងារ, ‘ឧបករណ៍សម្រាប់សកម្មជន’, ចូលមើលនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៩, https://labour.org.uk/members/activist-area/tools-foractivists/.

១៨ Nick Anstead, ‘យុទ្ធនាការឃោសនាផ្អែកលើទិន្នន័យនៅក្នុងការបោះឆ្នោតទូទៅនៅចក្រភពអង់គ្លេសឆ្នាំ ២០១៥’ 'ទិនានុប្បវត្តិសារព័ត៌មាន / នយោបាយអន្តរជាតិ, វ៉ុល ២២, លេខ ៣, ខែកក្កដា ឆ្នាំ ២០១៧, ទំព័រ ២៩៤–៣១៣, doi: ១០.១១៧៧ / ១៩៤០១៦១២៧៧០៦១៦៣.

១៩ Grace Mutung’u, 'កេនយ៉ា៖ ទិន្នន័យ និងយុទ្ធនាការឃោសនាបោះឆ្នោតតាមឌីជីថល'.

២០ Mark Pack, 'ការសង្ស័យកាន់តែច្រើនបានកើតឡើងជុំវិញមូលដ្ឋានទិន្នន័យរបស់យុទ្ធនាការអភិរក្សមឺលីន (Merlin)', Mark Pack (ប្លក់), ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១០, ចូលមើលនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩, https://www.markpack.org.uk/9471/merlin-database-conservative-party