ការស្វែងរកតាមអនឡាញគឺជាមធ្យោបាយគន្លឺះមួយដែលពួកយើងបានរកឃើញ ហើយបានធ្វើការសិក្សានិងផ្ទៀងផ្ទាត់ព័ត៌មាន ហើយដោយសារតែហេតុផលនេះហើយទើបសមត្ថភាពក្នុងការជះឥទ្ធិពលលើលទ្ធផលនៃការស្វែងរកគឺជាឧបករណ៍គន្លឺះមួយសម្រាប់យុទ្ធនាការនយោបាយប្រើដើម្បីជះឥទ្ធិពល ឬកំណត់គោលដៅលើអ្នកទាំងមុន និងកំឡុងពេលនៃការធ្វើប្រជាមតិការបោះឆ្នោត និងការតស៊ូមតិផ្នែកនយោបាយផ្សេងៗទៀត។ រាប់ចាប់តាំងពីការបញ្ចូលការផ្សព្វផ្សាយទៅក្នុងលទ្ធផលនៃការស្វែងរករបស់អ្នក រហូតដល់ការព្យាយាមជះឥទ្ធិពលទៅលើលទ្ធផលផ្ទាល់ យុទ្ធនាការនយោបាយចាត់ទុកការស្វែងរកនេះជាអាទិភាពមួយនៅក្នុងថវិកាផ្សព្វផ្សាយរបស់ពួកគេ។ Google Search ឬការស្វែងរករបស់ Google និង YouTube គឺជាប្រភពព័ត៌មានអនឡាញចម្បងសម្រាប់អ្នកប្រើប្រាស់ជាច្រើន និងត្រូវបានពឹងផ្អែកយ៉ាងខ្លាំងសម្រាប់ជាមធ្យោបាយស្វែងរក ការរៀន និងការបញ្ជាក់ការពិតទៅលើអ្វីមួយ។ Google Search គឺជាឧបករណ៍ស្វែងរកដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងពិភពលោក គ្របដណ្តប់៩០% នៃទីផ្សារកម្មវិធីស្វែងរកនៃកុំព្យូទ័រលើតុ។១ Google ក៏ជាម្ចាស់កម្មសិទ្ធិរបស់ YouTube ផងដែរ ដែលធ្វើឲ្យ YouTube ក្លាយជាឧបករណ៍ស្វែងរកមានប្រជាប្រិយភាពបំផុតលំដាប់ទីពីរនៅលើពិភពលោក ដោយសារតួរលេខនៃអ្នកប្រើប្រាស់កើនឡើងមិនត្រឹមតែចំពោះការមើលវីដេអូតែប៉ុណ្ណោះទេ តែក៏ចំពោះការស្វែងរកព័ត៌មាន និងចំណេះដឹងអនឡាញផងដែរ។២ សមត្ថភាពរបស់ Google Search និង YouTube ក្នុងការបង្ហាញអ្នកនូវការផ្សព្វផ្សាយ និងមាតិកាឧបត្ថម្ភដែលពាក់ព័ន្ធនឹងអ្វីដែលអ្នកកំពុងស្វែងរក ធ្វើឲ្យវាកា្លយជាវិធីសាស្រ្តដ៏មានឥទ្ធិពលជាពិសេសសម្រាប់យុទ្ធនាការឃោសនា និងអ្នកនយោបាយដែលចង់ផ្សព្វផ្សាយសាររបស់គេឲ្យបានកាន់តែមានប្រសិទ្ធភាព និងកំណត់គោលដៅបានកាន់តែច្បាស់។៣ អព្យាក្រឹត្យភាពជាក់ស្តែងរបស់ Google Search ជាពិសេសជាមួយនឹងអ្នកប្រើប្រាស់ចាត់ទុកវាជាឧបករណ៍ស្វែងរក និងសេចក្តីយោងមួយក្នុងន័យនេះធ្វើឲ្យវាកាន់តែទាក់ទាញខ្លាំងបំផុតសម្រាប់អ្នកធ្វើយុទ្ធនាការឃោសនានយោបាយដែលចង់ផ្សព្វផ្សាយព័ត៌មាន។
រូបភាពស្គ្រីនពីរបាយការណ៍តម្លាភាពនៃការផ្សព្វផ្សាយនយោបាយរបស់ Google (Google’s Political Advertising Transparency Report) បង្ហាញនូវការផ្សព្វផ្សាយដែលចំណាយខ្ពស់បំផុត នៅក្នុងកំឡុងពេលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។ ការផ្សព្វផ្សាយនេះក៏បង្ហាញផងដែរនូវចំណាប់អារម្មណ៍ និងការចំណាយលើការផ្សព្វផ្សាយ។
ប្រភព៖ ‘Google Political Advertising Transparency Report’, accessed 14 March 2019.
នៅពេលដែលអ្នកស្វែងរកអ្វីមួយនៅក្នុងឧបករណ៍ ឬកម្មវិធីស្វែងរក (search engine) អ្នកនឹងទទួលបានលទ្ធផលនៃការស្វែងរកពីរប្រភេទគឺលទ្ធផលនៃការស្វែងរក ‘ដើម (organic search)’ ដែលគ្រប់គ្រងដោយអាល់ហ្កូរីត (algorithm) នៃឧបករណ៍ស្វែងរកនោះ និងលទ្ធផលនៃការស្វែងរក ‘បង់ថ្លៃ (paid)’ ដែលជាធម្មតាគេដាក់វានូវការផ្សព្វផ្សាយដែលបង់ថ្លៃដែលលោតឡើង។ លទ្ធផលនៃការស្វែងរកទាំងពីរប្រភេទនេះបង្ហាញមកព្រមជាមួយគ្នាជាមួយនឹងសញ្ញាតូចមួយដាក់ថា ‘ការផ្សព្វផ្សាយ’ ដើម្បីបញ្ជាក់ថាមួយណាដែលត្រូវបានបង់ថ្លៃ។ ទោះបីវាមើលទៅហាក់ដូចជាមានភាពអព្យាក្រឹត្យក៏ដោយ ក៏លទ្ធផលនៃការស្វែងរកអាចជះឥទ្ធិពលលើអ្វីដែលមនុស្សមើលឃើញ និងអ្វីដែលពួកគេជឿជាក់ ជាពិសេសទាក់ទងនឹងការយល់ឃើញផ្នែកនយោបាយ។ ការសិក្សាមួយបានចេញផ្សាយនៅឆ្នាំ២០១៥ មានបំណងវាយតម្លៃផលប៉ះពាល់ពីការរៀបលំដាប់ថ្នាក់លទ្ធផលទៅលើអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្ត តាមរយៈការធ្វើតេស្តមួយដែលអ្នកនិពន្ធឲ្យឈ្មោះថា ឥទ្ធិពលគ្របដណ្តប់តាមរយៈឧបករណ៍ស្វែងរក (Search Engine Manipulation Effect)។៤ ការស្រាវជ្រាវរបស់ពួកគេបានធ្វើសេចក្តីសន្និដ្ឋានថា ‘វិធីសាស្ត្រអាល់ហ្កូរីតស្វែងរករបស់ Google អាចបង្វែរចំណាប់អារម្មណ៍នៃការបោះឆ្នោតសម្រាប់អ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តបាន២០% ឬច្រើនជាងនេះ ចំណែកឯច្រើនជាង៨០% ទៀតនៃក្រុមប្រជាសាស្រ្ត ស្ទើរតែគ្មាននរណាម្នាក់ដឹងថាពួកគេកំពុងតែត្រូវបានជះឥទ្ធិពលមកលើខ្លួននោះទេ’។៥ យុទ្ធនាការឃោសនានយោបាយអាចចំណាយលើបច្ចេកទេសផ្អែកលើទិន្នន័យដើម្បីជះឥទ្ធិពលលើលទ្ធផលនៃការស្វែងរកពីរប្រភេទ៖
↘ លទ្ធផលនៃការស្វែងរកដើម (Organic search results)៖ លទ្ធផលនៃការស្វែងរកដើម ឬលទ្ធផលនៃការស្វែងរក ‘ពិត’ ត្រូវបានបង្ហាញតាមរយៈអាល់ហ្កូរីតរបស់ឧបករណ៍ស្វែងរក។ ដោយសារតែលទ្ធផលនៃការស្វែងរកដើមមិនអាចរងឥទ្ធិពលពីការផ្សព្វផ្សាយបង់ថ្លៃនោះ ទាំងអ្នកផ្សព្វផ្សាយ និងយុទ្ធនាការឃោសនានយោបាយដូចគ្នាជារឿយៗព្យាយាមជះឥទ្ធិពលលើការស្វែងរកដើម ដែលជាធម្មតាត្រូវបានហៅថា ការបង្កើនប្រសិទ្ធភាពឧបករណ៍ស្វែងរក (Search Engine Optimisation – SEO) ហើយទទួលបានជោគជ័យក្នុងកម្រិតផ្សេងៗគ្នា។ SEO មានវិធានការជាច្រើនដើម្បីបង្ហាញនូវវេបសាយណាមួយនៅក្នុងលំដាប់ថ្នាក់នៃការស្វែងរក ផ្អែកតាមការសន្និដ្ឋានអំពីតក្កនៃអាល់ហ្កូរីតរបស់ឧបករណ៍ស្វែងរក។ SEO គឺជាការអនុវត្តន៍ទូទៅមួយនៅក្នុងចំណោមអ្នកបង្កើតវេបសាយភាគច្រើនរួមទាំងវេបសាយនយោបាយ និងសេវាជាច្រើនសម្រាប់ជួយបង្កើនលទ្ធផលរបស់ពួកគេឲ្យបានជាអតិបរមា។៦ ម្យ៉ាងវិញទៀត តាមអ្វីដែលគេឲ្យឈ្មោះថាជាវិធីសាស្រ្តបង្កើនប្រសិទ្ធភាពឧបករណ៍ស្វែងរកប្លែកហិត (Black Hat Search Engine Optimisation) គឺជាបច្ចេកទេសសំខាន់មួយដែលមិនមានសុច្ចរិតភាព និងខុសពីការគោលការណ៍ណែនាំរបស់ឧបករណ៍ស្វែងរក ដែលវាអាចត្រូវបានប្រើប្រាស់ដោយអ្នកប្រើប្រាស់ណាដែលហ៊ានប្រថុយនឹងការប្លុកពីក្រុមហ៊ុនឧបករណ៍ស្វែងរក។៧ យុទ្ធនាការឃោសនានយោបាយត្រូវបានគេដឹងថាប្រើប្រាស់បច្ចេកទេសទាំងពីរនេះ ខណៈបច្ចេកទេសស្តង់ដារ SEO នេះត្រូវបានគេប្រើប្រាស់ជាទូទៅជាងក៏ដោយ។
រូបភាពស្គ្រីនពីរបាយការណ៍តម្លាភាពនៃការផ្សព្វផ្សាយនយោបាយរបស់ Google (Google’s Political Advertising Transparency Report) បង្ហាញពីចំនួននៃការផ្សព្វផ្សាយពាណិជ្ជកម្មដែលបានទិញ និងចំនួនដែលបានចំណាយដោយគណកម្មាធិការ Make America Great Again របស់លោក ដូណាល់ ត្រាំ ដែលជាមធ្យោបាយនៃយុទ្ធនាការឃោសនាឈរឈ្មោះបោះឆ្នោតម្តងទៀត និងហិរញ្ញវត្ថុនយោបាយរបស់លោក ដូណាល់ ត្រាំ ដំណើរការដោយ Brad Parscale នៅចន្លោះពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩។
ប្រភព៖ ‘Political Advertising on Google – TRUMP MAKE AMERICA GREAT AGAIN COMMITTEE’, accessed 13 March 2019.
↘ លទ្ធផលនៃការស្វែងរកដោយបង់ថ្លៃ (Paid search results)៖ ផ្ទុយពីលទ្ធផលនៃការស្វែងរកដើម លទ្ធផលនៃការស្វែងរកថ្លៃដូចជា Google Ads (ពីមុនហៅថា AdWords) គឺជាលទ្ធផលតម្រូវតាមបុគ្គល ផ្អែកលើទិន្នន័យដែលបណ្តាញប្រមូលបានអំពីអ្នករួមមានប្រវត្តិនៃការស្វែងរករបស់អ្នក កន្លែងថ្មីៗដែលអ្នកបានទៅ និងចំពោះ Google Search វាបានប្រមូលនូវសកម្មភាពរបស់អ្នកនៅក្នុងឧបករណ៍ ឬផលិតផលរបស់ Google ផ្សេងទៀតដូចជាវីដេអូយូធូបដែលអ្នកបានមើលជាដើម។ យុទ្ធនាការឃោសនានយោបាយទិញ Google Ads តាមរយៈប្រព័ន្ធដេញថ្លៃ ដោយដាក់តម្លៃទៅតាមការឆ្លើយតបនឹងពាក្យដែលអ្នកប្រើនៅក្នុងការស្វែងរករបស់អ្នក។ បន្ទាប់មកវាត្រូវបានបង្ហាញ និងដាក់លំដាប់ថ្នាក់ទៅតាមការចំណាយដែលអ្នកផ្សព្វផ្សាយហ៊ានចំណាយ និងការប៉ាន់ស្មានពីភាពជាប់ទាក់ទងរបស់ការផ្សព្វផ្សាយទៅនឹងការស្វែងរក។៨ ការផ្សព្វផ្សាយទាំងនេះអាចគ្រាន់តែបង្ហាញពាក្យគន្លឺះ ឬរូបភាពបន្ថែម និងក្រាហ្វិកឬ ការបន្ថែម AdWord ដូចជាលេខទូរស័ព្ទជាដើម។ លើសពីនេះទៅទៀត ការផ្សព្វផ្សាយការស្វែងរកដែលមានការឆ្លើយតប (Responsive Search Ads) អនុញ្ញាតឲ្យអ្នកផ្សព្វផ្សាយបង្កើតការផ្សព្វផ្សាយដែលមានអថេរជាច្រើនដូចជា សេចក្តីពិពណ៍នា និងចំណងជើងធំផ្សេងៗគ្នា និងមានកំណែជាច្រើនផ្សេងៗគ្នាអាស្រ័យលើមួយណាដែលដំណើរការទៅបាន។៩ សេវាកម្មជាច្រើនដែលផ្តល់ដោយ Google បានជួយសម្រួលមិនត្រឹមតែការផ្សព្វផ្សាយនយោបាយដែលឆ្លើយតបទៅនឹងអ្វីដែលអ្នកកំពុងស្វែងរកតែប៉ុណ្ណោះទេ តែថែមទាំងជួយផ្តល់យុទ្ធសាស្រ្តជាច្រើនដែលប្រើដោយគណបក្សនយោបាយដើម្បីចូលទៅក្នុងចំណុចដែលអាចមើលឃើញនៅក្នុងការស្វែងរករបស់អ្នក (line-of-sight) ដើម្បីបញ្ជូនសារជាក់លាក់ណាមួយ។ ដូចគ្នានោះដែរ លទ្ធផលនៃការស្វែងរកដោយបង់ថ្លៃ បង្ហាញជូនអ្នកផ្អែកតាមទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដែលអាចត្រូវបានប្រើប្រាស់នៅក្នុងមធ្យោបាយផ្សេងៗទៀតជាច្រើន មិនត្រឹមតែនាំអ្នកឲ្យចុច ឬបោះឆ្នោតតាមវិធីជាក់លាក់ណាមួយតែប៉ុណ្ណោះទេ តែក៏ដើម្បីបង្ខូចឈ្មោះក្រុមប្រឆាំង ឬផ្សព្វផ្សាយព័ត៌មានប្រឆាំងចំពោះប្រធានបទទាក់ទងនឹងបញ្ហាណាមួយដែលអាចពេញនិយមនៅលើបណ្តាញសារព័ត៌មាន។ នៅក្នុងភាពវឹកវរកំឡុងពេលបោះឆ្នោត វិធីនេះអាចនាំទៅរកឥទ្ធិពលត្រួតលើគ្នា ដោយយុទ្ធនាការឃោសនានយោបាយធ្វើការទិញការផ្សព្វផ្សាយ ដើម្បីតតាំងទៅលើការអះអាងរបស់គ្នាទៅវិញទៅមក។ ឧទាហរណ៍ អ្នកយុទ្ធសាស្រ្តយុទ្ធនាការឃោសនានយោបាយម្នាក់ផ្តល់យោបល់លើអនឡាញពីរបៀបប្រឆាំងនឹងការផ្សព្វផ្សាយយុទ្ធនាការឃោសនាដែលបង្ខូចឈ្មោះរបស់អ្នកថា៖ ‘អ្នកបោះឆ្នោតដែលចេះដឹងរឿងបច្ចេកវិទ្យាច្រើន នឹងប្រើប្រាស់វេបសាយដើម្បីព្យាយាមបញ្ជាក់ពីភាពពិតប្រាកដនៃការផ្សព្វផ្សាយនោះដោយខ្លួនឯង ហើយតាមរយៈការយកពាក្យគន្លឹះដែលទាក់ទងនឹងពាណិជកម្មអវិជ្ជមានទាំងនោះ ក្នុងន័យនេះអ្នកអាចយកឈ្នះលើសាររបស់ពួកគេ និងយោងអ្នកបោះឆ្នោតទៅកាន់ទំព័រមួយនៅលើវេបសាយរបស់អ្នកដែលបង្ហាញនូវការអះអាងរបស់ការផ្សព្វផ្សាយនោះជាពិសេស។ តាមរយៈការផ្សព្វផ្សាយទាំងនេះ អ្នកអាចចែកចាយព័ត៌មាននៅក្នុងពេលដ៏រសើប និងបង្ហាញឲ្យបានឃើញការពិតតែម្តង’។១០
មានការប៉ាន់ស្មានមួយចំនួនធ្វើឡើងចង់ដឹងថាតើការផ្សព្វផ្សាយនយោបាយផ្អែកតាមការស្វែងរកដោយបង់ថ្លៃអាចជះឥទ្ធិពលដល់ការបោះឆ្នោតដែរឬយ៉ាងណា។ ទោះជាយ៉ាងណា ចាប់តាំងពីខែឧសភា ឆ្នាំ២០១៨ មក Google បានធ្វើការផ្លាស់ប្តូរដ៏សំខាន់នូវរបៀបដែលគេចាត់ចែងការផ្សព្វផ្សាយនយោបាយ ភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍នយោបាយ និងការបោះឆ្នោតនៅក្នុងប្រទេសមួយចំនួនដូចជា៖
↘ កំឡុងពេលមុនការធ្វើប្រជាមតិទាក់ទងនឹងការរំលូតកូនក្នុងប្រទេសអៀរឡង់នៅខែឧសភា ឆ្នាំ២០១៨ Google បានសម្រេចហាមឃាត់រាល់ការផ្សព្វផ្សាយណាដែលពាក់ព័ន្ធនឹងការធ្វើប្រជាមតិនៅលើបណ្តាញនេះ។១១
↘ ការផ្សព្វផ្សាយនយោបាយនៅលើ Google Search នៅសហរដ្ឋអាមេរិក១២ ឥឡូវនេះត្រូវបានដាក់បង្ហាញដោយក្រុមហ៊ុននៅក្នុងរបាយការណ៍តម្លាភាពរបស់ពួកគេ ដូច្នេះភាគីដែលចាប់អារម្មណ៍អាចមើលការផ្សព្វផ្សាយដែលបានចម្លងទុក និងដែលបានទិញចាប់តាំងពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ព្រមទាំងទទួលបានព័ត៌មានបន្ថែម ដូចជាចំនួនមនុស្សដែលបានឃើញការផ្សព្វផ្សាយនោះ និងចំនួនលុយដែលចំណាយទៅលើការផ្សព្វផ្សាយផងដែរ។១៣
**រូបភាពស្គ្រីនលើទូរស័ព្ទដៃដែលទទួលបានពីការស្រាវជ្រាវជាមួយនឹងប្រទេសកេនយ៉ាដែលជាប្រទេសដៃគូ នៅក្នុងដំណើរឆ្ពោះទៅការបោះឆ្នោតជាសកលរបស់ប្រទេសកេនយ៉ា ឆ្នាំ២០១៧ បង្ហាញពីការផ្សព្វផ្សាយនៅលើលទ្ធផលនៃការស្វែងរករបស់ Google ដែលបន្ទាបកិត្តិយសរបស់លោក Raila Odinga (បក្សប្រឆាំង) និងលើកតម្កើងលោក Uhuru Kenyata (ក្រោយមកជាប្រធានាធិបតី)។ **
ប្រភព៖ Tactical Tech, 2018.
↘ វេទិកានេះ (Google) បានដាក់កំហិតមួយចំនួនទៅលើការផ្សព្វផ្សាយនយោបាយដែលមានហើយ ដូចជាការទាមទារឲ្យការផ្សព្វផ្សាយនយោបាយបង្ហាញព័ត៌មានពីអ្នកដែលបង់ថ្លៃដល់ការផ្សព្វផ្សាយនោះ ក៏ដូចជាការទាមទារការបញ្ជាក់នូវអ្នកផ្សព្វផ្សាយថ្មី នៅក្នុងកំឡុងពេលនៃការបោះឆ្នោតមួយចំនួនដូចជានៅប្រទេសឥណ្ឌា និងនៅសហភាពអឺរ៉ុបនាឆ្នាំ២០១៩។១៤
↘ នៅខែមីនាឆ្នាំ២០១៩ Google បានប្រកាសថាពួកគេនឹងហាមឃាត់ការផ្សព្វផ្សាយនយោបាយនៅលើបណ្តាញរបស់ពួកគេអំឡុងពេលឆ្ពោះទៅការបោះឆ្នោតសហព័ន្ធកាណាដានៅពេលខាងមុខ។១៥
នៅប្រទេសកេនយ៉ា៖ នៅក្នុងការស្រាវជ្រាវធ្វើឡើងដោយ Tactical Tech អំពីយុទ្ធនាការឃោសនាផ្អែកលើទិន្នន័យនៅប្រទេសកេនយ៉ា អ្នកនិពន្ធបានរាយការណ៍ថា ក្នុងដំណើរឆ្ពោះទៅកាន់យុទ្ធនាការឃោសនាឆ្នាំ២០១៧ រវាងលោក Uhuru Kenyatta ដែលជាប្រធានគណបក្ស Jubilee Party និងក្រោយមកក្លាយជាប្រធានាធិបតី ជាមួយនឹងលោក Raila Odinga មកពីគណបក្ស National Super Alliance (NASA) ដែលក្នុងនោះត្រូវបានគេរាយការណ៍ឲ្យដឹងថា ប្រជាជនកេនយ៉ាបានឃើញការផ្សព្វផ្សាយនៅលើទំព័ស្វែងរករបស់ Google ដែលដាក់បេក្ខជនប្រឆាំងលោក Raila Odinga នៅក្នុងភាពអវិជ្ជមាន។ ការផ្សព្វផ្សាយបង្វែរនូវលទ្ធផលដូចជា ‘ហេតុផលទាំង១២ ដែលមិនត្រូវទុកចិត្តលើ NASA’ ពេលដែលអ្នកចូលមើលស្វែងរកពាក្យថា ‘រឿងអាស្រូវ’ ហើយរូបភាពថតលើអេក្រង់(screenshots) ជាច្រើន ត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើកម្មវិធីផ្ញើសារឯកជនដែលបង្ហាញថា នៅពេលពាក្យ ‘Unga (ម្សៅពោត)’ ត្រូវបានប្រើលទ្ធផលដំបូងគេប្រូម៉ូតនូវប្រភេទអត្ថបទសារព័ត៌មានដែលអះអាងថាលោក Kenyatta បានបន្ទាបតម្លៃម្សៅពោតនោះ ដែលវាបានក្លាយជាបញ្ហាជជែកវែកញែកដ៏ក្តៅគគុកនាពេលនោះ។ នេះបង្ហាញពីរបៀបដែលការជះឥទ្ធិពលលើលទ្ធផលនៃការស្វែងរក អាចជាវិធីសាស្រ្តមួយដែលគណបក្សទាំងសងខាងប្រើដើម្បីចែកចាយព័ត៌មានអវិជ្ជមានពីគូប្រជែងរបស់ខ្លួន។
ចាប់តាំងពី Google បានផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនស្តីពីការប្រកាសអំពីការផ្សព្វផ្សាយនយោបាយមក អ្នកអាចស្វែងរកការជូនដំណឹងនៅលើការផ្សព្វផ្សាយដើម្បីមើលថានរណាជាអ្នកបង់ថ្លៃសម្រាប់ការផ្សព្វផ្សាយនោះ ហើយវាក៏អាស្រ័យលើប្រទេសដែលអ្នករស់នៅផងដែរ។ ទោះជាយ៉ាងណា អ្នកនឹងមិនអាចដឹងបានទេថាហេតុអ្វីទើបអ្នកទទួលបានការផ្សព្វផ្សាយនោះ ឬផ្អែកលើទិន្នន័យ ឬក៏អថេរអ្វីខ្លះនោះ។ អ្នកអាចប្រើប្រាស់បណ្ណាល័យផ្សព្វផ្សាយនយោបាយរបស់ Google ដើម្បីមើលការផ្សព្វផ្សាយនយោបាយ ដែលអ្នកប្រហែលជាបានឃើញរួចមកហើយ ដោយរៀបដាក់តាមកាលបរិច្ឆេទជាក់លាក់ ចំនួនលុយដែលចំណាយលើយុទ្ធនាការផ្សព្វផ្សាយ និងប្រភេទនៃការផ្សព្វផ្សាយ (រូបភាព វីដេអូ អត្ថបទ)។ យ៉ាងណាក៏ដោយ កំឡុងពេលនៃការសរសេររបាយការណ៍នេះ មុខងារផ្នែកនេះអាចដំណើរការបានតែនៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ លទ្ធផលនៃការស្វែងរកអាចត្រូវបានតម្រៀបតាមលំដាប់ដូចជា ‘ទើបតែចេញផ្សាយថ្មីៗ’, ‘ចំណាយ ពីច្រើនទៅតិច’, ឬ ‘ការមើល ពីច្រើនទៅតិច’។ មិនតែប៉ុណ្ណោះ ទិន្នន័យនៃការផ្សព្វផ្សាយនយោបាយដែលមិនបានបញ្ជាក់បេក្ខជន ឬអ្នកកាន់តំណែងការិយាល័យសហព័ន្ធដែលជាប់ឆ្នោតឲ្យបានជាក់លាក់ទេនោះ គឺមិនមាននៅលើបណ្តាញទេ ចាប់ពីខែមីនាឆ្នាំ២០១៩ មក។ ជាចុងក្រោយ អ្នកអាចរកមើលព័ត៌មានលម្អិតមួយចំនួនពីគណនីរបស់អ្នកដែលប្រើប្រាស់ទាំងសម្រាប់ការស្វែងរកនៅលើ Google និង YouTube ដោយមើលព័ត៌មានគណនីរបស់អ្នក និងការកំណត់ផ្សេងៗ (Settings)។១៧
↘ ការដែលអាចចំណាយបាន និងចំនុចប្រទាក់ចំៗនៃលទ្ធផលនៃការស្វែងរកដែលបង់ប្រាក់ដូចជា Google Ads មានន័យថាយុទ្ធនាការឃោសនានយោបាយដែលគ្មានថវិកាច្រើនអាចចូលរួមនៅក្នុងការតស៊ូមតិ និងអាចចូលទៅអ្នកមើល ដែលជាធម្មតាពួកគេប្រហែលជាមិនអាចអាក់សេសបានទេ។ ដូចដែលទីប្រឹក្សាយុទ្ធនាការឃោសនាម្នាក់បានសរសេរនៅលើវេបសាយរបស់គេថា៖ ‘ចំនុចដែលល្អខ្លាំងមួយរបស់ Google Ads នោះ គឺថាវាមិនជាថ្លៃណាស់ណា និងអាចធ្វើឲ្យយុទ្ធនាការធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធសារព័ត៌មានបានយ៉ាងល្អ ដោយប្រើប្រាស់ថវិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយតែមួយភាគតូចប៉ុណ្ណោះ’។១៨
↘ ការផ្សព្វផ្សាយផ្អែកតាមការស្វែងរកដែលល្មមនឹងចំណាយបាន អាចធ្វើឲ្យមានភាពស្មើគ្នានៅលើទីលានប្រកួតប្រជែងសម្រាប់គណបក្សណាដែលគ្មានលុយចំណាយលើការផ្សព្វផ្សាយ និងការកំណត់គោលដៅលើផ្ទាំងពាណិជ្ជកម្ម ឬតាមទូរទស្សន៍ និងអាចជួយសម្រួលដល់យុទ្ធនាការណាដែលមានលក្ខណៈផ្តោតខ្លាំង។
↘ បើមើលពីជ្រុងម្ខាងទៀត គណបក្សនយោបាយដែលមានថវិកាច្រើនសម្រាប់ការផ្សព្វផ្សាយអាចធ្វើឲ្យគណបក្សនយោបាយតូចៗលិចលង់ ហើយគ្របដណ្តប់លើទិដ្ឋភាពនយោបាយបានយ៉ាងងាយ។
↘មានការចងក្រងទុកបានយ៉ាងល្អនូវការដែលគណបក្សនយោបាយធំៗដែលមានថវិកាច្រើនបានទទួលជំនួយពីសេវាបុគ្គលិករបស់ Google ជាពិសេសគឺ Google Search តែម្តង។ ការសិក្សាស្រាវជ្រាវមួយធ្វើឡើងដោយ Daniel Kreiss និង Shannon McGregor បានរៀបចំឯកសារពីការធ្វើការរបស់ក្រុមការងារផ្នែកលក់របស់ Microsoft, Facebook, Twitter និង Google កំឡុងពេលវដ្តនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០១៦។១៩ ការស្រាវជ្រាវនេះបានបំពេញបន្ថែមទៀតដោយរបាយការណ៍មួយមកពីយុទ្ធនាការដើម្បីតម្លាភាព ដែលបានរកឃើញថា៖ ‘បុគ្គលិករបស់ Google ដែលធ្វើការក្នុងយុទ្ធនាការឃោសនានយោបាយ ពេលខ្លះគេមិនអាចធ្វើការបែងចែកឲ្យដាច់ពីគ្នាបានរវាងពួកគេទាំងនោះ និងក្រុមការងារយុទ្ធនាការទេ’។ ការបញ្ចូលបុគ្គលិកទាំងនេះដែលផ្តល់ឲ្យរាល់យុទ្ធនាការឃោសនាប្រធានាធិបតីនៅក្នុងឆ្នាំ២០១៦ បានជួយអ្នកនយោបាយឲ្យកំណត់គោលដៅលើអ្នកបោះឆ្នោត សម្រិតសម្រាំងសារនយោបាយ ឌីហ្សាញការផ្សព្វផ្សាយរបស់ពួកគេ និងសូម្បីតែឆ្លើយតបទៅនឹងគូប្រជែងកំឡុងពេល និងក្រោយពេលតស៊ូមតិនយោបាយ’។២០
**ធ្វីត (tweets) របស់លោក ដូណាល់ ត្រាំ ដែលបង្ហាញនេះ មានសក្តានុពលផ្សព្វផ្សាយឲ្យមានការភ័ន្តច្រឡំអំពីលទ្ធផលនៃការស្វែងរករបស់ Google ដែលអាចបង្វែរការយល់ឃើញផ្នែកនយោបាយ។ **
ប្រភព៖ ‘Twitter’, 28 August 2018.
↘ របាយការណ៍តម្លាភាពរបស់ Google គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ និងជាប្រភពដ៏មានតម្លៃលើសលុបមួយ ប៉ុន្តែវាមិនបានបង្ហាញនូវបរិបទមួយចំនួនដូចជានៅទីណា ហេតុអ្វី និងនៅពេលណាដែលការផ្សព្វផ្សាយទាំងនេះត្រូវបានដាក់បញ្ចូលនោះទេ ដែលបរិបទទាំងនេះគឺជាផ្នែកដ៏សំខាន់ខ្លាំងបំផុតនៃឧបករណ៍ស្វែងរក។ បន្ថែមពីនេះទៅទៀត ដោយសារតែការផ្សព្វផ្សាយតាមបែបឌីជីថលកំពុងតែក្លាយទៅជាអាល់ហ្កូរីត ដែលមានវ៉ារ្យង់រាប់រយ និងពេលខ្លះរហូតដល់រាប់ពាន់កំពុងត្រូវបានបង្កើត និងផ្តល់ឲ្យផ្អែកតាមការឆ្លើយតប ហើយការរក្សាទុកក្នុងប័ណ្ណសារ (archives) នឹងមានតម្លៃកាន់តែតិច និងបង្កើតគំនិតស្វែងយល់បានកាន់តែស្តួចស្តើង។
↘ ការពិតដែល Google គ្របដណ្តប់ទីផ្សារនៃការស្វែងរកតាមរយៈ Google Search និង YouTube មានន័យថាការជឿជាក់ផ្នែកនយោបាយដ៏ធំមួយនេះ ត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុនមួយ ទាំងដែលបញ្ហាទាក់ទងនឹងការផ្សព្វផ្សាយនយោបាយតាមបែបឌីជីថលនាពេលបច្ចុប្បន្ននេះ ភាគច្រើនបំផុតកំពុងតែត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុននោះខ្លួនឯងនៅឡើយ។
↘ មានការតស៊ូមតិយ៉ាងទូលំទូលាយអំពីកម្រិតដែលអាល់ហ្កូរីតរបស់ Google ផ្ទាល់ ‘ធ្វើបដិរូបកម្ម’ លទ្ធផលនៃការស្វែងរកផ្អែកតាមទិន្នន័យដែលពួកគេប្រើដើម្បីកែតម្រូវលទ្ធផលដើម្បីឲ្យវាជាប់ទាក់ទិនគ្នាដូចជាទីតាំង ការស្វែងរកពីមុនៗ ឬប្រភេទនៃឧបករណ៍ប្រើដើម្បីស្វែងរក ហើយតាមរយៈនេះតើវាអាចបង្វែរលទ្ធផលនៃការស្វែងរក ដូចជាលទ្ធផលនៅក្នុង ‘Filter bubble’២១ ឬក៏ទីបំផុតផលប៉ះពាល់ដល់ទិដ្ឋភាពនយោបាយផ្ទាល់តែម្តង។ នៅក្នុងធ្វីត (Tweet) មួយចំនួនក្នុងខែសីហា ឆ្នាំ២០១៨ លោក ដូណាល់ ត្រាំ បានចោទ Google Search ថាមានភាពលម្អៀងចំពោះប្រព័ន្ធផ្សព្វផ្សាយបែបសាមញ្ញ ដោយបានអះអាងថា លទ្ធផលនៃការស្វែងរករបស់ Google សម្រាប់ ‘ព័ត៌មានទាក់ទងនឹង ដូណាល់ ត្រាំ’ ត្រូវបានចាត់ចែងប្រឆាំងនឹងលោក ដោយសារតែពួកគេបង្ហាញតែព័ត៌មានណាដែលផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយដូចជា CNN និងមិនបង្ហាញព័ត៌មានណាដែលចេញផ្សាយដោយសារព័ត៌មានសាមញ្ញនោះឡើយ។២២ ទោះបីជាការចោទប្រកាន់របស់ ដូណាល់ ត្រាំ មិនមានភស្តុតាងដើម្បីបង្ហាញអះអាងក៏ដោយ ក៏ Google បានអញ្ជើញអ្នកសារព័ត៌មានឲ្យចូលរួមក្នុងកិច្ចប្រជុំមួយដើម្បីរិះរកនូវវិធីដែលឧបករណ៍ស្វែងរកធ្វើការពិតប្រាកដ។២៣
↘ ទោះជា Google អះអាងថាពួកគេមិនបានធ្វើបដិរូបកម្មលទ្ធផលនៃការស្វែងរកដើមយ៉ាងណាក៏ដោយ ក៏នៅតែមានការបន្តជជែកវែកញែកសំខាន់ៗកើតឡើង អំពីកម្រិតដែលលទ្ធផលនៃការស្វែងរកត្រូវបានធ្វើឲ្យប្រសើរឡើង ផ្អែកទៅតាមចរិកលក្ខណៈថ្មីៗនៃការស្វែងរក ដែលអាចប៉ះពាល់ដល់របៀបដែលលទ្ធផលនៃការស្វែងរកត្រូវបានប្រមូលផ្តុំ និងបង្ហាញឲ្យឃើញ។២៤ កម្រិតបរិមាណដែលការស្វែងរកត្រូវបាន ‘ធ្វើបដិរូបកម្ម’ មានការផ្លាស់ប្តូរគ្រប់ពេលវេលា។២៥ ទាំងអស់នេះគឺជាប់ពាក់ព័ន្ធជាពិសេសទៅនឹងយុទ្ធនាការឃោសនាបោះឆ្នោត ពីព្រោះការសិក្សាបានបង្ហាញថា Filter Bubble ផ្អែកតាមទិន្នន័យអំពីការស្វែងរក និងអ្នកស្វែងរក មានទំនោរបង្ហាញឡើងនៅពេលដែលការស្វែងរកទាក់ទងនឹងបញ្ហានយោបាយ ឬបេក្ខជននយោបាយណាម្នាក់។២៦ ឧទាហរណ៍ទាំងអស់នេះផ្តោតលើសហរដ្ឋអាមេរិក ប៉ុន្តែចាប់តាំងពី Google Search និង YouTube ត្រូវបានប្រើប្រាស់ជាសកលយ៉ាងទូលំទូលាយមកនោះ វាអាចនឹងជាប់ទាក់ទងនៅក្នុងបរិបទផ្សេងៗទៀតផងដែរ។
១ ‘ភាគហ៊ុនទីផ្សារជាសកលនៃម៉ាស៊ីនស្វែងរក (Search Engine)’, https://www.statista.com/ statistics/216573/worldwide-market-shareof-search-engines/ ចូលមើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩
២ David Mogensen, ‘មាតិកា YouTube សម្រាប់ I-Want-to-Do Moments’, ចូលមើលនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩, https://www.thinkwithgoogle.com/marketing-resources/micromoments/ i-want-to-do-micro-moments/.
៣ Michelle Castillo, ‘Google ព្យាយាមរកប្រាក់បន្ថែមពី YouTube តាមរយៈការទាញយកប្រយោជន៍ពីមនុស្សដែលប្រើវាសម្រាប់ការស្វែងរក’, ចូលមើលនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩, https: //www.cnbc.com/2018/10/01/youtube-will-now-show-you-more-adsbasedon-your-search-habit.html.
៤ Robert Epstein និង Ronald E. Robertson. ‘ឥទ្ធិពលគ្របដណ្តប់តាមរយៈឧបករណ៍ស្វែងរក (Search Engine Manipulation Effect) និងផលប៉ះពាល់ដែលអាចកើតមានលើលទ្ធផលនៃការបោះឆ្នោត’, កិច្ចដំណើរការនីតិវិធីនៃបណ្ឌិតសភាវិទ្យាសាស្ត្រជាតិ, ខែសីហា ឆ្នាំ២០១៥, p. 201419828. www.pnas.org, doi:10.1073/pnas.1419828112.
៥ Robert Epstein, ‘របៀបដែល Google អាចផ្លាស់ប្តូរការបោះឆ្នោតឆ្នាំ២០១៦’, ទស្សនាវដ្តី POLITICO,
ចូលមើលនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩, https://www.politico.com/magazine/ story/2015/08/how-google-could-rig-the-2016-election-121548.html.
៦ Harnoor Kaur, ‘ការបង្កើនប្រសិទ្ធភាពឧបករណ៍ស្វែងរក (SEO) សម្រាប់យុទ្ធនាការឃោសនានយោបាយ៖ យុទ្ធសាស្ត្រសម្រាប់រដូវកាលបោះឆ្នោត SEO មេកានិក’, SEO Mechanic, ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៦, ចូលមើលនៅថ្ងៃទី ៧ ខែមីនាឆ្នាំ ២០១៩, https://www.seomechanic.com/seo-political-campaigns/.
៧ John Rampton, ‘បច្ចេកទេសទាំង២៥របស់មួកខ្មៅ (Black Hat) ដែលកំពុងសម្លាប់ SEO របស់អ្នក’, Forbes, ចូលមើលនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩, https://www.forbes.com/sites/ johnrampton/2015/07/29/25-black-hat-techniques-that-are-killing-your-seo/.
៨ Google Ads, ‘ការបង្រៀនពី AdWords ពី Google - ជំហានទី ៤៖ របៀបដែល AdWords ដំណើរការ’, ចូលមើលនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩, https://www.youtube.com/watch?v=xH4Tlnes3ew.
៩ ‘ដាក់បញ្ចូល Machine Learning ទៅក្នុងដៃអ្នកផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូប’, ចូលមើលនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩, https://www.blog.google/technology/ads/machine-learninghands- advertisers/.
១០ ‘យុទ្ធសាស្រ្តផ្សព្វផ្សាយពាណិជ្ជកម្មនយោបាយតាមអនឡាញជាមួយនឹង Google AdWords’, ចូលមើលនៅថ្ងៃទី ៧ ខែមីនាឆ្នាំ២០១៩, http://www.newmediacampaigns.com/page/political-onlineadvertising- strategies-near-election-day.
១១ ‘គំនិតផ្តួចផ្តើមប្រជាមតិតម្លាភាព - ដើម្បីការពិភាក្សាដេញដោលដោយបើកទូលាយ ពិត និងស្មោះត្រង់’, ចូលមើលនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩, http://tref.ie/.
១២ កំឡុងពេលដែលសរសេរ សេវាកម្មនេះមានសម្រាប់តែការផ្សព្វផ្សាយពាណិជ្ជកម្មនយោបាយអាមេរិកតែប៉ុណ្ណោះ។
១៣ ‘របាយការណ៍តម្លាភាពរបស់ Google’, ចូលមើលនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩, https: // transparencyreport.google.com/political-ads/library?hl=en.
១៤ ‘មាតិកានយោបាយ - ជំនួយអំពីគោលនយោបាយនៃការផ្សព្វផ្សាយ’, ចូលមើលនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩, https://support.google.com/adspolicy/answer/6014595?hl=en.
១៥ ‘Google នឹងហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មនយោបាយនៅមុនការបោះឆ្នោតសហព័ន្ធ យោងតាមប្បញ្ញត្តិតម្លាភាពថ្មី’, ចូលមើលនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩, https://www.theglobeandmail.com/politics/ article-google-to-ban-political-ads-ahead-of-federal-election-citingnew/.
១៦ ករណីសិក្សាអំពីឧស្សាហកម្មដែលមានឥទ្ធិពលនៅប្រទេសកេនយ៉ាដោយ Grace Mutung’u, ‘កេនយ៉ា៖ ទិន្នន័យ និងយុទ្ធនាការឃោសនាបោះឆ្នោតតាមឌីជីថល’, ចូលមើលនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៩, https: //ourdataourelf.tacticaltech.org/posts/overview-kenya/.
១៧ ‘គណនី Google’, ចូលមើលនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩, https://myaccount.google.com/ intro/data-and-personalization.
១៨ ‘យុទ្ធសាស្រ្តផ្សព្វផ្សាយពាណិជ្ជកម្មនយោបាយតាមអនឡាញជាមួយនឹង Google AdWords’, ចូលមើលនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៩, http://www.newmediacampaigns.com/page/political-onlineadvertising- strategies-near-election-day.
១៩ Daniel Kreiss & Shannon C. McGregor (ឆ្នាំ ២០១៨) ក្រុមហ៊ុនបច្ចេកវិទ្យាផ្លាស់ប្តូរទំនាក់ទំនងផ្នែកនយោបាយ៖ ការងាររបស់ក្រុមហ៊ុន Microsoft, ហ្វេសប៊ុក, Twitter និង Google ជាមួយនឹងយុទ្ធនាការឃោសនាក្នុងអំឡុងវដ្តប្រធានាធិបតីអាមេរិកឆ្នាំ២០១៦, DOI:10.1080/10584609.2017.1364814
២០ ‘Partisan Programming៖ វិធីដែលយុទ្ធនាការឃោសនារបស់ហ្វេសប៊ុក និង Google ទទួលបានអត្ថប្រយោជន៍បង្កប់នៅពីខាងក្រោមបន្ទាត់របស់ពួកគេ’, យុទ្ធនាការឃោសនាដើម្បីគណនេយ្យភាព, ចូលមើលនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ https://campaignforaccountability.org/work/partisanprogramminghow- facebook-and-googles-campaign-embeds-benefit-theirbottom-lines/.
២១ ‘ការប៉ាន់ស្មាន Filter Bubble៖ របៀបដែល Google កំពុងតែជះឥទ្ធិពលលើអ្វីដែលអ្នកចុច’, ប្លក់ DuckDuckGo, ចូលមើលនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩, https://spreadprivacy.com/ google-filter-bubble-study/.
២២ Ginger Gibson និង Susan Heavey, ‘សេតវិមានព្យាយាមដេញដោល Google បន្ទាប់ពីលោក Trump ចោទប្រកាន់ Google ពីភាពលំអៀង’, Reuters, ចូលមើលនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩, https://www.reuters.com/article/us-usa-trump-tech-idUSKCN1LD1I1.
២៣ Jillian D 'Onfro, CNBC, ចូលមើលនៅថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៩, https://www.cnbc. com/2018/09/17/google-tests-changes-to-its-search-algorithm-how-searchworks. Html.
២៤ Nick Statt, ‘Google បង្កើតលទ្ធផលនៃការស្វែងរកផ្ទាល់ខ្លួនទោះបីជាអ្នកបានចាកចេញ (Log out) ហើយក៏ដោយ’, ការអះអាងរបស់ការសិក្សាថ្មីមួយ, The Verge, ចូលមើលនៅថ្ងៃទី ៧ ខែមីនាឆ្នាំ ២០១៩, www.theverge.com/2018/12/4/18124718/google-search-resultspersonalizedunique- duckduckgo-filter-bubble.
២៥ ‘Google ទទួលស្គាល់ថាខ្លួនកំពុងប្រើការធ្វើបដិរូបកម្មមានកំណត់នៅក្នុងលទ្ធផលនៃការស្វែងរក’, Search Engine Land, ចូលមើលនៅថ្ងៃទី ៧ ខែមីនាឆ្នាំ ២០១៩, https://searchengineland. com/google-admits-its-using-very-limited-personalization-in-searchresults-305469.
២៦ Julia Angwin, ‘នៅលើ Google, អាថ៌កំបាំងនយោបាយមួយសុទ្ធតែជាតួរលេខទាំងអស់’, Wall Street Journal, ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១២, ផ្នែក. បច្ចេកវិទ្យា, ចូលមើលនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩, https: // www.wsj.com/articles/SB10001424052970203347104578099122530080836.